កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”

ភ្នំពេញ៖កាលពីព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និងជាប្រធាន​ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI score)” ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត តំណាងសភាពាណិជ្ជកម្មកម្ពុជា និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

ក្រុមប្រឹក្សាជាតិភស្ដុភារកម្មរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាកំណត់នូវបន្ទាត់មូលដ្ឋាន (Baseline) និងចំណុចដៅ (Target) ចំពោះសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI score ឬ Logistics Performance Index score)” លើតារាងម៉ាទ្រីសវាស់វែង​សមិទ្ធកម្ម សម្រាប់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជំរុញធ្វើឱ្យប្រសើរឡើងពិន្ទុ​នៃសន្ទស្សន៍ប្រតិបត្តិការ​ភស្តុភារកម្មរៀបចំដោយធនាគារពិភពលោក ដែលបានមកពីការវាស់ស្ទង់ប្រសិទ្ធភាពនៃវិស័យភស្តុភារកម្មនៅកម្ពុជា។

សមាសភាពចំនួន៦ ប្រើប្រាស់សម្រាប់ការវាស់ស្ទង់រួមមាន៖ ១. ប្រសិទ្ធភាព​នៃប្រព័ន្ធគយ និងការគ្រប់គ្រងព្រំដែន (Custom), ២. គុណភាពនៃ​ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម និងដឹកជញ្ជូន (Infrastructure), ៣. ភាពងាយស្រួលនៃការ​រៀបចំ​ដឹកជញ្ជូនទំនិញដែលមានតម្លៃសមរម្យ (International Shipment), ៤. សមត្ថភាព និងគុណភាពនៃសេវា​កម្មដឹកជញ្ជូន (Logistics Competency & Quality), ៥. ភាពដឹកជញ្ជូនទំនិញទាន់ពេលវេលា (Timeliness), និង ៦. សមត្ថភាព​ក្នុងការតាមដានទំនិញនិងប្រេកង់ ដែលការដឹកជញ្ជូនទៅដល់​អ្នកទទួលក្នុងរយៈពេលកំណត់ ឬរំពឹងទុកនៃការដឹកជញ្ជូន (Tracking & Tracing)។នេះបើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕


ដោយ៖មុនី
រូបភាព៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner