អាជ្ញាធរជំនាញពន្យល់ពីទិដ្ឋភាពប្លែកនៃទឹកទន្លេពណ៌ពីរផ្សេងគ្នានៅទន្លេចតុមុខ
តាមរយៈរូបភាពជាច្រើនដែលបានបង្ហាញលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានទាញការចាប់អារម្មណ៍ពីសាធារណៈជន អ្នកទេសចរជាតិ អន្តរជាតិដែលបានទស្សនាផ្ទាល់ភ្នែកនូវខ្សែទឹកទន្លេទាំងពីរ ទន្លេមេគង្គ និងទន្លេសាប នៃតំបន់ចតុមុខរាជធានីភ្នំពេញដែលបានរំលេចចេញជាពីរពណ៌ផ្សេងគ្នា និងមិនរលាយចូលគ្នា ។ផ្ទាំងទស្សនីយភាព ក៏ដូចជាទិដ្ឋភាពដ៏ប្លែកនេះ ត្រូវបានថតផ្តិតយកនិងធ្វើការចែកចាយ ហើយទទួលនូវការចាប់អារម្មណ៍ខ្លាំងចំពោះបាតុភូតនេះ ។
អាជ្ញាធរទន្លេសាបនៃប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានធ្វើការពន្យល់ដោយផ្អែកលើកត្តាវិទ្យាសាស្រ្តចំពោះប្លែកនេះ។លើបណ្ដាញសង្គមផ្លូវការអាជ្ញាធរទន្លេសាបបានពន្យលថា បើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានឱ្យដឹងថា ទឹកទន្លេ គឺមានធាតុផ្សំ និងមានសារធាតុរលាយខុសៗគ្នា ។ មូលហេតុ ដែលទឹកទន្លេមិនរលាយចូលគ្នានេះ គឺបណ្តាលមកពី ទឹកទន្លេមានសីតុណ្ហភាពមិនស្មើគ្នា, ដង់ស៊ីតេនៃទន្លេទាំងពីរខុសគ្នា, ទឹកទន្លេមានលំហូរបញ្ច្រាសទិសគ្នា និងល្បឿនលំហូរទឹកមានលក្ខណៈលឿន ឬយឺតជាងគ្នា ។
ប្រភពដដែលអធិប្បាយថា លំហូរទឹកពីទន្លេមេគង្គនៃផ្ទៃអាងខាងលើ ត្រូវបានបង្វែរយ៉ាងខ្លាំងដោយសារលក្ខខណ្ឌអាកាសធាតុ ដែលកើតឡើងក្នុងរយៈពេលរដូវខ្យល់មូសុងប្រាំង និងវស្សា ។ ជាទូទៅកម្រិតទឹកទន្លេមេគង្គ មានការប្រែប្រួលចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ដែលកម្រិតកម្ពស់ទឹកទាបកើតឡើងពីខែកុម្ភៈ ដល់ខែមីនា និងរដូវទឹកជំនន់កើតឡើងចាប់ពីខែមិថុនា ដល់ខែធ្នូ ប្រមាណ ៨៥-៩៥ភាគរយនៃធារទឹកសរុបប្រចាំឆ្នាំ ។ ទឹកជំនន់ប្រចាំឆ្នាំតែងតែជន់លិចផ្ទៃដីធំនៃភាគខាងត្បូងប្រទេសកម្ពុជា និងវៀតណាម នៃផ្ទៃអាងខាងក្រោមបឹងទន្លេសាប និងចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាបនៅរាជធានីភ្នំពេញ ។
នៅរដូវវស្សា (ឧសភា-តុលា) បរិមាណទឹកទន្លេមេគង្គមានការកើនឡើងខ្លាំងដោយសារភ្លៀងធ្លាក់ និងទឹកកកររលាយពីតំបន់ខ្ពង់រាបទីបេ ប្រទេសចិន ដែលបណ្ដាលឱ្យល្បឿនលំហូរទឹកលឿន និងខ្លាំង នាំយកកករមកតិច ទាំងសារធាតុសរីរាង្គ និងអសរីរាង្គ បើប្រៀបធៀបទៅនឹងទន្លេសាប ដែលធ្វើឱ្យទឹកទន្លេមេគង្គមានពណ៌ថ្លាជាង និងខៀវជាង ។ ស្របគ្នានេះដែរ លំហូរទឹកទន្លេសាប ហូរបញ្ច្រាសដោយសារកម្ពស់ទឹកទន្លេមេគង្គខ្ពស់ ដែលនាំមកនូវកករច្រើនពីតំបន់ទំនាបលិចទឹកចូលក្នុងទន្លេសាប បង្កឱ្យទឹកទន្លេសាបមានសភាពល្អក់ និងមានពណ៌ត្នោត ។ ភាពខុសគ្នានេះបង្កើតព្រំដែនធម្មជាតិដែលធ្វើឱ្យខ្សែទឹកទន្លេទាំងពីរមិនងាយរលាយជាមួយគ្នា។
អាជ្ញាធរទន្លេសាបបានពណ៌នាថា ទន្លេសាប និងបឹងទន្លេសាប ដើរតួនាទីជានិយ័តករធម្មជាតិ នៃទឹកជំនន់របស់អាងទន្លេមេគង្គខាងក្រោម ដោយបន្ថយកម្រិតអតិបរមានៃទឹកជំនន់នៅដើមរដូវទឹកជំនន់ និងដោយបង្កើនការហូរនៅរដូវប្រាំង ។ នៅរដូវទឹកជំនន់ការហូរខ្លាំងនៃទឹកនៅក្នុងទន្លេមេគង្គ បណ្តាលឱ្យមានការហូរច្រាសទៅបឹងទន្លេសាប ធ្វើឱ្យទឹកនៅបឹងទន្លេសាបកើនយ៉ាងខ្លាំង និងជន់លិចព្រៃលិចទឹក ដែលនៅជុំវិញបឹងទន្លេសាប ។ នៅរដូវប្រាំងទឹកបឹងទន្លេសាប បានហូរចេញតាមរយៈទន្លេសាប រួចហូរចូលទៅទន្លេមេគង្គ និងបន្ថយការហូរទៅក្នុងទន្លេមេគង្គប្រមាណ ១៦ភាគរយ ។
តាមពិតទៅបាតុភូតបែបនេះមិនមែនមាននៅកម្ពុជាតែមួយនោះទេ។អាជ្ញាធរទន្លេសាបបញ្ជាក់ថា ទិដ្ឋភាពកើតឡើងនៅប្រទេសកម្ពុជា ក៏មានកើតឡើងនៅប្រទេសមួយចំនួនជុំវិញពិភពលោកផងដែរ ដែលធ្វើឱ្យទឹកទន្លេមានពណ៌ខុសគ្នា និងមិនអាចរលាយចូលគ្នាបាន ដូចជា ទន្លេ Rio Negro និង Solimoes (ប្រទេសប្រស៊ីល), ទន្លេ Thompson និង Fraser (ប្រទេសកាណាដា), ទន្លេ Bhagirathi និង Alaknanda (ប្រទេសឥណ្ឌា), ទន្លេ Danube និង Inn (ប្រទេសអាល្លឺម៉ង់), ទន្លេ Rhone និង Arve (ប្រទេសស្វីស)និង ទន្លេ Green និង Colorado (សហរដ្ឋអាមេរិក)៕
ដោយ៖មុនី
រូបភាព៖អាជ្ញាធរទន្លសាប