ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោងដែលមានតម្លៃ១៥០លាន​ដុល្លារនិង​បង្កើតការងារ៩ពាន់កន្លែង

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាល​ពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥បានរៀបចំ​កិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង ក្រោម​អធិបតី​ភាព​​ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ​វិនិយោគ​កម្ពុជា ដោយមានការអញ្ជើញចូលរួមពី​សំណាក់​តំណាង​ក្រសួង ស្ថាប័ន និង​រដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំង១៧នេះ មានទុនវិនិយោគសរុបប្រមាណ ១៥០លាន​ដុល្លារ​​អាម៉េរិក, អាចបង្កើតការងារបាន​ចំនួន​ប្រមាណ ៩ពាន់កន្លែង។នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ឱ្យដឹង។

គម្រោងវិនិយោគទាំង១៧ មានមុខសញ្ញាវិនិយោគក្នុងវិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (បង្កើត​រោងចក្រកែច្នៃជ័រកៅស៊ូ) និងក្នុងវិស័យ​ឧស្សាហកម្មចំនួន ១៦គម្រោង (បង្កើតរោងចក្រកែច្នៃលោហធាតុ, ផ្គុំដំឡើង​គ្រឿងអេឡិចត្រូនិក, ផលិតអំពូលភ្លើងនិងបរិក្ខារអគ្គិសនី, ផលិតគ្រឿង​សង្ហារិម, ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត, ផលិត​ឧបករណ៍ជាងនិង​ឧបករណ៍​ប្រើប្រាស់ក្នុងយានដ្ឋាន, ផលិតចង្ក្រាននិងឡចម្អិន, ផលិតសម្ភារៈវេចខ្ចប់, ផលិតសម្ភារៈសម្រាប់បោះជំរំ, ខារអំបោះ, បោកគក់និងជ្រលក់ពណ៌) ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងបន្ថែមថា គម្រោងវិនិយោគទាំងនេះ​មានទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ៕


រូបភាព៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner