អ្នកជំនាញសេដ្ឋកិច្ច៖កំណើនឱកាសការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា
ភ្នំពេញ៖ តាមរយៈការអនុម័តគម្រោងវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអាចមានលទ្ធភាពបង្កើត ឱកាស ការងារបានប្រមាណ ៣២ម៉ឺនកន្លែងលើគម្រោងជិត៥០០ គម្រោងនៅក្នុងពេញមួយឆ្នាំ២០២៤ អ្នកជំនាញ សេដ្ឋកិច្ចនៅ កម្ពុជាបានលើកឡើងថា ចាសញ្ញាល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ស្ថាបនិក និងជានាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានគូសបញ្ជាក់ថា សមិទ្ធផលនៅក្នុងពេញមួយឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តជាច្រើនរយគម្រោងវិនិយោគ និងបង្កើតការងារច្រើនម៉ឺនកន្លែង គឺជាការបង្ហាញពីកត្តាវិជ្ជមានទាំងផ្នែកសេដ្ឋកិច្ច និងឆ្លុះបញ្ចាំងពីភាពជឿជាក់ និងទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ជាពិសេសយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។ចំណុចនេះលោកបណ្ឌិតបានមើលឃើញថា ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជានៅក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្នយ៉ាងហោចណាស់ត្រូវមានជំនាញមួយសម្រាប់ជីវិតខ្លួន ពោលគឺត្រូវពង្រឹងលើការសិក្សាជំនាញរបស់ខ្លួនឱ្យស្របតាមបរិបទសេដ្ឋកិច្ចប្រទេសកម្ពុជា។

បើទោះបីប្រទេសកម្ពុជាមានកំណើននៃការវិនិយោគល្អនៅឆ្នាំ២០២៤ ក៏ប៉ុន្តែកម្ពុជានៅតែត្រូវធ្វើបន្ថែមទៀតលើការវិនិយោគលើវិស័យផ្សេងៗទៀត។លោកបណ្ឌិតចង្អុលទៅចំណុចសំខាន់ថា ពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញការវិនិយោគនៅថ្នាក់ជាតិ និងថ្នាក់ខេត្តដទៃទៀតផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដោយបានបង្ហាញលទ្ធផលនៃឆ្នាំ២០២៤។ ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។

ជារួមក្នុងឆ្នាំ២០២៤ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹងប្រមាណជិត ៤០ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ។ក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។

ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៤ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥ភាគរយ នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៤,៨ ពាន់លានដុល្លារ ដែលចូលរួមចំណែក ៦៩ភាគរយ នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០ភាគរយ ធៀបនឹងឆ្នាំ២០២៣៕
ដោយ៖ ង៉ាន់ ទិត្យ

