ពិធីស្បថចូលកាន់តំណែង Trump អាចជាគោលដៅវាយប្រហារ

បរទេស ៖ ទីភ្នាក់ងារសន្តិសុខជាតិ របស់សហរដ្ឋអាមេរិកបានព្រមានថា ពិធីសម្ពោធការឡើងកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump អាចក្លាយជាគោលដៅវាយប្រហារ ដ៏មានសក្តានុពល ពីសំណាក់ក្រុមជ្រុលនិយមហិង្សា ទោះបីជាពួកគេនិយាយថា មិនទាន់មានការគំរាមកំហែងជាក់លាក់ ដែលអាចជឿទុកចិត្តបានក៏ដោយ នេះបើយោងតាមកាសែត POLITICO ។

ក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងការអនុវត្តច្បាប់ បានអះអាងថា ការវាយប្រហារអាចនឹងបង្កឡើងពីជនល្មើស ដែលមិនពេញចិត្តនឹងការបោះឆ្នោត ហើយចាត់ទុកថា ពិធីស្បថចូលកាន់តំណែងរបស់ Trump អាចជាឱកាសចុងក្រោយ បង្កអំពើហិង្សាជំទាស់នឹងលទ្ធផលបោះឆ្នោត នេះបើតាមប្រភពដដែល។

ការប្រុងប្រយ័ត្នខ្ពស់នេះ ត្រូវបានត្រៀមជាច្រើនខែ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាត ចំនួនពីរលើក លើរូបលោក Trump ក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ ២០២៤ ព្រមទាំង ការវាយប្រហារថ្មីៗ នៅក្នុងឆ្នាំ២០២៥ នៅទីក្រុង New Orleans និង Las Vegas ។

ការវាយតម្លៃការគំរាមកំហែងដែលចងក្រងដោយ FBI, សេវាសម្ងាត់ ប៉ូលីសកាពីតូល, នាយកដ្ឋានប៉ូលីស របស់តុលាការកំពូល បានដាក់ចេញនូវសេណារីយ៉ូអាក្រក់ជាច្រើន ដែលអាចបង្កឡើងដោយភេរវករបរទេស, ក្រុមជ្រុលនិយមក្នុងស្រុក និងក្រុមផ្តួចផ្តើមគំនិតបោកបញ្ឆោតគ្រាប់បែក ព្រមទាំង ការហៅទូរសព្ទគំរាម, យន្តហោះគ្មានមនុស្សបើក ឬ ការវាយប្រហារ តាមរថយន្ត ជាដើម។

មន្ត្រីប៉ូលីសជាន់ខ្ពស់ លោកស្រី Pamela Smith បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទថា ប៉ូលីសមកពីជុំវិញប្រទេស នឹងរួមបញ្ចូលគ្នា នៅក្នុងរដ្ឋធានី។ សរុបទៅ នឹងមានកងកម្លាំងអនុវត្តច្បាប់ និងមន្ត្រីយោធា ប្រមាណ ២៥,០០០នាក់ នៅនឹងកន្លែង រៀបចំពិធី នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner