ប៉ារ៉ាឡាំពិក៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជន អាស៊ីប៉ារ៉ា ហ្គេម ឆ្នាំ២០២៩
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគាំទ្ររួចហើយ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត សម្រាប់ ឆ្នាំ២០២៥ដែលប្រព្រឹត្តទៅនៅថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានលើក
ឡើងថា សន្និបាតមានភាគីពាក់ព័ន្ធ រួមទាំងសហព័ន្ធកីឡាជនពិការទាំងអស់ បានធ្វើរបាយការណ៍អំពីសមិទ្ធផលការងារកាលពីឆ្នាំចាស់ និងបញ្ហាប្រឈម ព្រមទាំងលើកទិសដៅសំខាន់ៗសម្រាប់ឆ្នាំ២០២៥ រួមទាំងគោលដៅត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមឆ្នាំ២០២៩ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគាំទ្ររួចហើយ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម យី វាសនា បានបង្ហាញភាពកក់ក្តៅយ៉ាងខ្លាំង ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានមគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះជនពិការនៅទូទាំងប្រទេស ព្រមទាំងអត្តពលិកពិការថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម ព្រំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិប៉ារ៉ា ឡាំពិកកម្ពុជា ដែលខិតខំប្រឹងប្រែងអភិវឌ្ឍជំនាញកីឡាជនពិការឱ្យកាន់តែរីកចម្រើន ជាពិសេស នោះ ទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាបន្ត បន្ទាប់ក្នុងការប្រកួតលើឆាកអន្តរជាតិ៕
អត្ថបទនិងរូបភាព៖ លោក ងីម ឆៃហួត






