អាមេរិកចេញច្បាប់ហាមលក់រថយន្តឆ្លាតវៃបំពាក់បច្ចេកវិទ្យាចិន

វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ចប់បទប្បញ្ញត្តិមួយ ដែលនឹងហាមឃាត់ឡានឆ្លាតវៃដែលផ្ទុកបច្ចេកវិទ្យាចិននៅលើទីផ្សារសហរដ្ឋអាមេរិក ស្ថិតក្រោមហេតុផលហានិភ័យសន្តិសុខជាតិ។

ការរឹតត្បិតនេះ ក៏ពាក់ព័ន្ធនឹងបច្ចេកវិទ្យារបស់រុស្ស៊ីផងដែរ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីជិតផុតអាណត្តិ លោក Joe Biden បានបញ្ចប់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការរឹតបន្តឹងលើប្រទេសចិន។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន BYD មានរោងចក្រមួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលផលិតឡានក្រុង និងឡានផ្សេងទៀត។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានគូសបញ្ជាក់យ៉ាងដូច្នេះថា ឡានសព្វថ្ងៃនេះ មិនមែនគ្រាន់តែជាដែកនៅលើកង់នោះទេ វាគឺជាកុំព្យូទ័រ… ឡានទំនើបមានកាមេរ៉ា និងបច្ចេកវិទ្យាផ្សេងទៀតដែលភ្ជាប់អ៊ីនធឺណិត។ លោកស្រី Raimondo បានសង្កត់ធ្ងន់ថា វិធានការនេះគឺជាវិធីសាស្រ្តមួយ មានគោលដៅធានាថា យើងមិនដាក់បច្ចេកវិទ្យាដែលផលិតដោយចិន និងរុស្ស៊ីនៅលើផ្លូវរបស់សហរដ្ឋអាមេរិកឡើយ។

ក្រសួងពាណិជ្ជកម្មអាមេរិក បានលើកឡើងថា បទប្បញ្ញត្តិថ្មីបច្ចុប្បន្នអនុវត្តចំពោះតែឡានដឹកអ្នកដំណើរក្រោម ៤.៥តោនប៉ុណ្ណោះ។ យ៉ាងណា ក្រសួងក៏គ្រោងនឹងចេញបទប្បញ្ញត្តិដាច់ដោយឡែកមួយ ដែលផ្តោតលើបច្ចេកវិទ្យានៅក្នុងឡានពាណិជ្ជកម្ម មានដូចជាឡានដឹកទំនិញ និងឡានក្រុងនាពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ។

យោងតាមបទប្បញ្ញត្តិចុងក្រោយបំផុត ដែលបានប្រកាសកាលពីថ្ងៃទី១៤ ខែមករានេះ ទោះបីជាឡានដឹកអ្នកដំណើរត្រូវបានផលិតនៅសហរដ្ឋអាមេរិកក៏ដោយ ក្រុមហ៊ុនផលិតដែលមានទំនាក់ទំនងជាមួយចិន ឬរុស្ស៊ី មិនត្រូវបានអនុញ្ញាតឱ្យលក់ឡានថ្មី ជាមួយនឹងផ្នែក Software និង Hardware សម្រាប់ការតភ្ជាប់ខាងក្រៅ និងការបើកបរដោយខ្លួនឯងនោះទេ។ ការហាមឃាត់ការលក់នេះនឹងមានប្រសិទ្ធភាពនៅឆ្នាំ ២០២៧។

ការដាក់កំហិតថ្មីនេះទៀតសោត ក៏នឹងហាមឃាត់ការនាំចូលផ្នែក Software និង Hardware ដែលទាក់ទងជាមួយចិន និងរុស្ស៊ីផងដែរ ដោយការរឹតបន្តឹងផ្នែក Software ចូលជាធរមាននៅឆ្នាំ ២០២៧ ខណៈផ្នែក Hardware ចូលជាធរមាននៅឆ្នាំ ២០៣០។ គិតមកទល់ពេលនេះ ទាំងចិន និងរុស្ស៊ីនៅមិនទាន់បញ្ចេញប្រតិបត្តិឆ្លើយតបចំពោះចំណាត់ការរឹតត្បិតរបស់សហរដ្ឋអាមេរិកនៅឡើយទេ៕

ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner