ជប៉ុនគ្រោងប្រើផ្កាយរណបវាយតម្លៃទំហំខូចខាតដោយសារគ្រោះមហន្តរាយ

តូក្យូ ៖ ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន មានផែនការដាក់ពង្រាយ និងប្រើប្រាស់ផ្កាយរណបក្នុងពេលពីរបីឆ្នាំទៀត ដើម្បីផ្តិចយករូបភាព និងវាយតម្លៃទំហំខូចខាតយ៉ាងឆាប់រហ័ស ដែលបង្កឡើងពីគ្រោះរញ្ជួយដី និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត។

ទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA បានរំពឹងថា ផែនការដាក់ពង្រាយផ្កាយរណបនេះ នឹងអាចជួយដល់ប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ នៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយទូទាំងប្រទេស។ អ្នកស្រាវជ្រាវ JAXA គ្រោងនឹងប្រើប្រាស់ផ្កាយរណបសិក្សាឯកសារទិន្នន័យប្រហែល ២០០,០០០ករណី ទាក់ទិននឹងផ្ទះដែលរងការខូចខាត ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងនៅភាគនិរតីនៃប្រទេសជប៉ុនកាលពីឆ្នាំ ២០១៦។

ផែនការនេះនឹងប្រៀបធៀបរូបភាពផ្កាយរណប ទាំងមុន និងក្រោយកើតមានគ្រោះមហន្តរាយ។ទីភ្នាក់ងារ JAXA បានបន្ថែមថា ផែនការនេះទៀតសោត នឹងវាយតម្លៃពីទំហខូចខាតនៃសំណង់អគារនីមួយៗគ្រប់ទីកន្លែងទូទាំងប្រទេសក្នុងរយៈពេលជាច្រើនម៉ោង បន្ទាប់ពីការផ្តិតយករូបភាព។

ផែនការដាក់ពង្រាយផ្កាយរណបរបស់ជប៉ុននេះ កើតឡើងបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារឧបទ្វីបណូតូកាលពីថ្ងៃចូលឆ្នាំសកលឆ្នាំមុន បណ្តាលឱ្យបណ្តាញផ្លូវមួយចំនួនត្រូវបានកាត់ផ្តាច់ និងរារាំងប្រតិបត្តិការជួយសង្គ្រោះរបស់ក្រុមអ្នកសង្គ្រោះ ក៏ដូចជាការប៉ាន់ប្រមានពីទំហំនៃការខូចខាតយ៉ាងឆាប់រហ័ស។

លោក Kawakita Shiro មន្រ្តីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្មវិធី និងប្រតិបត្តិការផ្កាយរណបរបស់ JAXA បាននិយាយថា លោកមានការព្រួយបារម្មណ៍ ដែលមិនអាចផ្តល់ព័ត៌មានដែលមានប្រយោជន៍យ៉ាងឆាប់រហ័ស ពីគ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ ហើយថា ក្រុមការងារនៅមជ្ឈមណ្ឌលរបស់លោកកំពុងធ្វើការនេះ ដើម្បីអាចផ្តល់ទិន្នន័យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner