ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ មន្ត្រីរាជការ ត្រូវអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយប្រជាជន ជាគោលដៅដែលយើងត្រូវតែនឹកឃើញជាប្រចាំ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានប្រាប់ដល់សិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាលថា “មន្ត្រីរាជការ ត្រូវអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយប្រជាជន ជាគោលដៅដែលយើងត្រូវតែនឹកឃើញជាប្រចាំ។ “វិជ្ជាជីវៈ បេសកកម្ម របស់យើងធំជាងគេក្នុងនាមជាមន្ត្រីរាជការ គឺការផ្តល់សេវា និងការបម្រើប្រជាជន។”
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងបែបនេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ខណៈអញ្ជើញស្តាប់ការចូលរួមមតិយោបល់ និងបទពិសោធរបស់ សិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ដែលបានឆ្លងកាត់ការប្រឡងប្រជែង និងជាប់ជាជ័យលាភី។ ក្រោយការសិក្សានៅសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រីទាំង ២៣០រូប នឹងត្រូវទៅចេញទៅបំពេញការងារតាមមូលដ្ឋានគោលដៅរាជធានី ខេត្ត ដែលខ្លួនបានជ្រើសរើសរៀងៗខ្លួនក្នុងអំឡុងពេលដាក់ពាក្យចូលរួមប្រឡង ។
បន្ទាប់ពីបានស្តាប់មតិយោបល់ និងការចែករំលែកបទពិសោធរបស់សិស្សមន្ត្រីរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “បេក្ខជនគ្រប់ៗរូប ហាក់ដូចជាបានកំពុងចែករំលែកនូវមេរៀនជីវិត ដែលឆ្លងកាត់ការតស៊ូ ពុះពារ ខិតខំប្រឹងប្រែង រហូតសម្រេចបាននូវលទ្ធផលដ៏មានតម្លៃ ហើយក្លាយខ្លួនទៅជាសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលមួយរូប ពោរពេញដោយសក្តានុពល និងជាមន្ត្រីរាជការប្រកបដោយគុណភាព។”
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ដោយបានរម្លឹកដល់មេរៀនជីវិតដ៏មានគុណតម្លៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានពុះពារឧបសគ្គសព្វបែបយ៉ាងចេញពីត្រកូលកសិករ ខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍសមត្ថភាព រហូតក្លាយទៅជានាយករដ្ឋមន្ត្រីមួយរូប។
សូមជម្រាបផងដែរថា សិស្សមន្ត្រីដែលកំពុងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាលនាពេលនេះ មាន២កម្រិតគឺ៖ (១) សិស្សមន្ត្រីជាន់ខ្ពស់ មានចំនួន ៥០រូប ដែលត្រូវឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល ២ឆ្នាំ និង(២) សិស្សមន្ត្រីក្រមការ មានចំនួន ១៨០រូប ដែលត្រូវឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល ១ឆ្នាំ មុនចេញទៅបំពេញការងារតាមគោលដៅមូលដ្ឋានរៀងៗខ្លួននៅទូទាំងប្រទេស ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចន