រដ្ឋមន្រ្តីក្រសួងកសិកម្ម ពន្យល់ពីតម្លៃស្រូវ OM ធ្លាក់ថ្លៃ ហើយក្រសួងនិងភាគី​ពាក់​ព័ន្ធ កំពុងរកដំណោះស្រាយជូនកសិករឱ្យមានស្ថិរភាពរយៈពេល​យូរអង្វែង

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្មបានជំរុញឱ្យកសិករចេះប្រើប្រាស់ពូជស្រូវ ក៏ដូចជាការគ្រប់គ្រងបរិមាណ គុណភាព ហើយជាមួយគ្នានេះក្រសួងក៏បានត្រៀមក្នុងការសម្របសម្រួលឱ្យកសិករ ក្នុងនេះដូចជាបើចង់ធ្វើស្រូវពូជសែនក្រអូប គឺក្រសួងនឹងជួយរកទីផ្សារឱ្យទុកជាមុន ប៉ុន្តែជាទូទៅប្រជាកសិករទាល់តែដាំដុះហើយ ប្រមូលផលហើយ ទើបបានស្វែងរកទីផ្សារ ម្ល៉ោះហើយធ្វើឱ្យជួបបញ្ហាកើតឡើង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីស្ថានភាពស្រូវ និងការប្រមូលផលស្រូវប្រាំង កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងថា ៖ ការប្រមូលផលស្រូវវស្សានាពេលនេះ បានចប់សព្វគ្រប់អស់ហើយ ។ សម្រាប់ស្រូវប្រាំងវិញនឹងបន្តប្រមូលផល​រហូតដល់ចុងខែ៣។សម្រាប់ស្ថានភាពផលិតស្រូវប្រាំងរបស់កម្ពុជានាឆ្នាំ​នេះបានច្រើនមែនទែន។តាមធម្មតាស្រូវប្រាំងដែលមានចំនួន ៥០ម៉ឺនហិកតាទេ តែឆ្នាំនេះប្រជាពលរដ្ឋបានដាំដុះកើនឡើងរហូតដល់ ៧០ម៉ឺនហិកតាឯណោះ​។សម្រាប់ទិន្នផលស្រូវប្រាំងនាឆ្នាំនេះ​មានរហូតដល់ប្រមាណ៤លានតោន។

ទាក់ទិនទៅនឹងតម្លៃស្រូវត្រូវបានឯកឧត្តម រដ្ឋមន្រ្តីលើកឡើងថា ”តម្លៃស្រូវមានការធ្លាក់ចុះ ប៉ុន្តែមិនមែនធ្លាក់ថ្លៃទាំងអស់ទេ ពោលគឺទៅតាមប្រភេទក្នុងនេះដូចជាសែនក្រអូបដែលប្រជាកសិករដាក់លក់ក្នុងមួយគីឡូក្រាម ១៣៥០រៀល គឺជាតម្លៃមួយនៅខ្ពស់ដដែល ដោយឡែកសម្រាប់ស្រូវមិនក្រអូបក្នុងនេះដូចជាស្រូវ OM មានការធ្លាក់ចុះថ្លៃលឿនមែទែន ដោយមុនដំណាច់ឆ្នាំ២០២៤ តម្លៃស្រូវ OM ជាមធ្យម ១២០០រៀលជាង និងរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ហើយតម្លៃស្រូវប្រភេទនេះនៅរក្សា ១១៥០រៀលក្នុងមួយគីឡូក្រាម ជាតម្លៃល្អមិនធ្លាប់មានទៀតផងសម្រាប់ស្រូវប្រភេទនេះ។ឈានមកដល់ខែមករាស្រូវ OM ធ្លាក់ថ្លៃដល់ ១០០០រៀល ហើយកន្លែងខ្លះធ្លាក់ដល់ ៩០០រៀល និងកន្លែងខ្លះទៀតធ្លាក់រហូតដល់ ៨០០រៀលដែលជាស្រូវសើមទិញនៅវាលស្រែ ។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថាសម្រាប់ស្ថានភាពរបស់ប្រភេទស្រូវខុសគ្នាគឺវាទៅតាមស្ថានភាពទីផ្សារពិភពលោក ។ស្រូវប្រភេទ OMនេះបានធ្លាក់ថ្លៃ ហើយសូម្បីតែវៀតណាមក៏ទទួលរងប៉ះពាល់ដូចគ្នាដោយក្នុងនេះពេលទទួលរងអាកាសធាតុក្តៅដែលជាឥទ្ធិពលនៃអេល នីណូ (El Nino) អង្ករវៀតណាមលក់ក្នុងតម្លៃ ៦៦០ដុល្លារក្នុងមួយតោន ប៉ុន្តែមកដល់ដើម ខែមករា ឆ្នាំ២០២៥នេះតម្លៃអង្ករវៀតណាមួយនេះលក់ក្នុងតម្លៃត្រឹម ៤៣០ដុល្លារក្នុងមួយតោនប៉ុណ្ណោះ ដោយចុះតម្លៃប្រមាណ ៣០ភាគរយ ។ នេះបង្ហាញដែរថាបើអង្ករវៀតណាមចុះថ្លៃដែរ ម្ល៉ោះហើយវាក៏ពុំមានអ្វីប្លែកដែរ ដែលស្រូវនៅកម្ពុជាយើងនៅតាមទីវាលលក់ក្នុងតម្លៃមួយគីឡូក្រាមជាង ៨០០រៀល ។ តម្លៃវាចុះតាមគ្នាអញ្ចឹងហើយ ។ ដោយឡែកចំណែកអង្ករខ្មែរយើងដែលស្រូវសែនក្រអូប នៅតែរក្សាទីផ្សារល្អ ។

ទាក់ទិនទៅនឹងស្រូវ OM នេះដែរ ត្រូវបាន ឯកឧត្តម រដ្ឋមន្រ្តីលើកឡើងថា គឺកសិករដាំដុះដើម្បីលក់លើទីផ្សារ ហើយស្រូវប្រាំងមួយភាគធំកសិករផលិតស្រូវមួយបែបនេះ។

ឯកឧត្តម ឌិត ទីណាបានថ្លែងដែរថានៅពេលដែលឆ្នាំណាផលិតបានលើសផែនការនោះទីផ្សារក្នុងស្រុកតែងស្រូបមិនបានអស់ និងទាន់ពេលវេលាទេ ម្ល៉ោះហើយមួយផ្នែកយើងត្រូវនាំចេញក្រៅប្រទេស ។ ចំពោះការចុះតម្លៃអង្ករនេះគឺតាមប្រភេទដោយក្នុងនេះអង្ករ OMចុះតម្លៃ តែអង្ករសែនក្រអូបវិញ អត់ចុះទេ ហេតុនេះយើងក៏ត្រូវបែងចែកឱ្យបានត្រឹមត្រូវដែរពោលគឺវាតាមតម្រូវការទីផ្សារតែប៉ុណ្ណោះ។

ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងដោយបញ្ជាក់ដែរថា ៖ សម្រាប់ថ្លៃដើមផលិតក៏ក្រសួងបានគិតគូពីការនាំចូលជី និងថ្នាំសម្លាប់សត្វនាកន្លងមកដោយតម្លៃចុះទាបយ៉ាងច្រើន បើប្រៀបធៀបឆ្នាំ២០២២កន្លងមក ។

ទន្ទឹមជាមួយការព្រួយបារម្ភពីការធ្លាក់ថ្លៃស្រូវនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបានអំពាវនាវឱ្យកសិករចូលរួមក្នុងសហគមន៍កសិកម្មទំនើបដែលអាចជួយឱ្យកសិករចៀសផុតពីការប្រឈមនឹងបញ្ហានានាកើតឡើងក្នុងនេះដូចជាប្រាក់កម្ចី ការលក់ស្រូវ និងបញ្ហាប្រឈមមួយចំនួនទៀតដែលភាគគីពាក់ព័ន្ធនឹងចូលរួមដោះស្រាយជូនកសិករ។

ដោយឡែក ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានថ្លែងឱ្យដឹងដែរថា រាជរដ្ឋាភិបាលនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ បានទម្លាក់ថវិកាចំនួន ៣០ លានដុល្លារបន្ថែមដើម្បីទិញស្រូវអង្ករពីប្រជាកសិករ។

ឯកឧត្តមបានបន្តឱ្យដឹងថា ការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងចំនួន ៥លើកកន្លមកនេះ ដើម្បីទ្រទ្រង់ទៅលើការអភិវឌ្ឍន៍ស្រូវផង និងរក្សាស្ថិរភាពថ្លៃស្រូវ ផង ដោយសរុបប្រមាណជាង ២០៨លាន​ដុល្លារ​អាម៉េរិក ។ ក្នុងនេះ លើកទី១ធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០១៦ ហើយលើកទី៥ធ្វើឡើងនៅខែមិនា ឆ្នាំ២០២៤ ប្រមាណ ៤០លានដុល្លារអាម៉េរិក គឺថវិកាទាំងអស់នេះសម្រាប់ទិញ ស្រូវពីបងប្អូនប្រជាកសិករ ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner