Zelensky ទទូចឲ្យលោកខាងលិចយកទ្រព្យបង្កករបស់រុស្ស៊ី ទិញអាវុធឲ្យអ៊ុយក្រែន
បរទេស ៖ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវដល់លោកខាងលិច យកទ្រព្យសម្បត្តិ ដែលរឹបអូសពីរុស្ស៊ី បង្វែរទៅទិញអាវុធ ឲ្យអ៊ុយក្រែន។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន នៅទីក្រុង Warsaw ប្រទេសប៉ូឡូញ កាលពីថ្ងៃពុធ លោក Volodymyr Zelensky បានអំពាវនាវឱ្យលោកខាងលិច ប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កនៅក្រៅប្រទេស សរុបចំនួន២៥០ពាន់លានដុល្លារ ដើម្បីទិញអាវុធឲ្យទីក្រុង Kyiv ដើម្បីប្រឆាំងនឹងកងទ័ព ដែលឈ្លានពានរបស់រុស្ស៊ី ដោយលោកអះអាងថា ជាការគាំទ្រខ្លាំងបំផុត សម្រាប់កងទ័ពអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនបានអះអាងថា នឹងយកប្រាក់២៥០ពាន់លានដុល្លារទាំងនេះ បែងចែកបរិមាណដ៏ច្រើន សម្រាប់ផលិតកម្មអាវុធក្នុងស្រុក និងសម្រាប់ការនាំចូលអាវុធ ដែលអ៊ុយក្រែនមិនទាន់មាន។
ជាមួយគ្នានេះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ដែលធ្វើសន្និសីទសារព័ត៌មាន ជាមួយលោក Zelensky នាពេលនោះ បាននិយាយដែរថា «ទ្រព្យសម្បត្តិរបស់រុស្ស៊ី គួរតែត្រូវបានប្រើប្រាស់ គាំទ្រអ៊ុយក្រែន និង មានសារៈសំខាន់បំផុត ក្នុងការកសាងអ៊ុយក្រែន ឡើងវិញ។
ប្រទេសប៉ូឡូញ បានផ្តល់កញ្ចប់ជំនួយយោធា ចំនួន៤៥កញ្ចប់ ដល់អ៊ុយក្រែន រួចមកហើយ ហើយកំពុងរៀបចំផ្តល់កញ្ចប់ មួយផ្សេងទៀត នេះជាអ្វីដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្លែង នាពេលនោះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត