ប្រធានាធិបតីកូរ៉េខាងត្បូងគេចពីការសាកសួរ បន្ទាប់ពីត្រូវបានចាប់ខ្លួន
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រឈមមុខនឹងការសាកសួរជាថ្មី នៅថ្ងៃព្រហស្បតិ៍នេះ មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួនរូបលោក ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកដែលបរាជ័យ ប៉ុន្តែ មេធាវីរបស់លោក Yoon បាននិយាយថា លោកនឹងមិនចូលរួមទេ។
តុលាការធម្មនុញ្ញ ក៏នឹងបើកសវនាការ លើកទីពីររបស់ខ្លួន នៅក្នុងការកាត់ក្តី ដែលនឹងសម្រេចថា តើត្រូវរក្សាការចោទប្រកាន់លើរូបលោក Yoon ដែរឬទេ បន្ទាប់ពីការវាយឆ្មក់ នាពេលព្រឹកព្រលឹមថ្ងៃពុធ ដែលបានធ្វើឱ្យលោកក្លាយជាប្រធានាធិបតីក្នុងមុខតំណែងដំបូង ដែលត្រូវបានឃុំខ្លួន។
អតីតរដ្ឋអាជ្ញា ដែលប្រឈមនឹងការចោទប្រកាន់ពីបទបះបោរ រូបនេះ ត្រូវបានសាកសួរ អស់រយៈពេលជាច្រើនម៉ោង កាលពីថ្ងៃពុធ ប៉ុន្តែ បានប្រើសិទ្ធិ ក្នុងការនៅស្ងៀម មុនពេលត្រូវបាននាំខ្លួន ទៅកាន់មណ្ឌលឃុំឃាំង។
ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា អ្នកស៊ើបអង្កេត មកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយ ហៅកាត់ CIO គ្រោងនឹងបន្តការសាកសួរ Yoon នៅថ្ងៃព្រហស្បតិ៍ នៅម៉ោង២រសៀល ប៉ុន្តែ មេធាវីរបស់លោកបាននិយាយថា លោកមិនអាចចូលរួមទេ ដោយសារហេតុផលសុខភាព។
លោកមេធាវី Yoon Kab-keun បានប្រាប់ Yonhap ថា «ប្រធានាធិបតី Yoon សុខភាពមិនល្អទេ ហើយ បានពន្យល់យ៉ាងពេញលេញ អំពីជំហររបស់លោក កាលពីម្សិលមិញ ដូច្នេះ គ្មានអ្វីដែលត្រូវសួរចម្លើយ ទៀតទេ»។
លោក Yoon បានធ្វើឱ្យប្រទេសជាតិ ភ្ញាក់ផ្អើលជាខ្លាំង កាលពីល្ងាចថ្ងៃទី ៣ ខែធ្នូ នៅពេលដែលលោកបានប្រកាសច្បាប់អាជ្ញាសឹក ដោយអះអាងថា លោកដាក់ចេញ ព្រោះជាតម្រូវការ ការពារកូរ៉េខាងត្បូង ពីការគំរាមកំហែង ដែលបង្កឡើងដោយកងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង និងលុបបំបាត់ធាតុប្រឆាំងនឹងរដ្ឋ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

