ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ៖ ការចូលរួមគាំទ្ររបស់ ដៃគូអភិវឌ្ឍន៍ បានចូលរួមចំណែកគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខភាពប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា នាទីស្តីការក្រសួងសុខាភិបាល ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ធនាគារពិភពលោក ដែលបានសហការចូលរួមចំណែកគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តលើគម្រោងសុខាភិបាលនានា ។
លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដឹកនាំក្រសួងសុខាភិបាល ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយដែលនាំឱ្យវិស័យសុខាភិបាល បានទទួលនូវសមិទ្ធិផលជាច្រើនគួរជាទីមោទនៈ ក្នុងរយៈពេលជាង១ឆ្នាំកន្លងមក ។
លោកស្រី បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី អំពីលទ្ធផលការងារជាមួយ ក្រសួងសុខាភិបាល និងបញ្ហាប្រឈមដែលកំពុងកើតមានក្នុងការអនុវត្តគម្រោងនានា នាពេលបច្ចុប្បន្ន និងអនាគត ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា សមិទ្ធិផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា“ និងមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកគាំទ្រ ពីសំណាក់ដៃគូអភិវឌ្ឍន៍ទាំងឡាយបានទេ ក្នុងនោះធនាគារពិភពលោក គឺជាដៃគូសំខាន់មួយ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លើបញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយបញ្ហា និងអាទិភាពសំខាន់ៗរបស់ក្រសួងសុខាភិបាល ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា ។
លោកស្រីនាយកធនាគារពិភពលោក បានបញ្ជាក់ជំហរយ៉ាងម៉ឹងម៉ាត់ថា ក្រោយពីបានស្តាប់ប្រសាសន៍ និងការលើកទឹកចិត្ត របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី “ខ្ញុំ និងសហការី នៃធនាគារពិភពលោក សូមប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមគោលដៅរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ







