រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការសាងសង់ផ្លូវ និងអណ្ដូងទឹក ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ
(កំពង់ធំ)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យ ការសាងសង់ផ្លូវ និងអណ្ដូងទឹក ជូនអតីតយុទ្ធជន នៅលើដីសម្បទានសង្គមកិុច្ច ទើបមករស់នៅថ្មី ដែលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឲ្យដឹងថា ផ្ទះថ្មី៦៥ខ្នង សាងសង់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ និងចាប់ឆ្នោតប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយបច្ចុប្បន្ន ផ្ទះ សាងសង់បាន ៩៥% និងអតីតយុទ្ធជន មករស់នៅ បានប្រមាណ ៩៥% ក្នុងនោះ ផ្ទះមួួយចំនួន នៅខ្វះខាតផ្លូវលំ និងអណ្ដូង ព្រមទាំងប្រព័ន្ធអគ្គិសនី តែលោក តាន់ វាសនា មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឈូសឆាយផ្លូវ ជីកអណ្ដូងដៃសម្រាប់ដាក់លូ បណ្តោះអាសន្នជូនបងប្អូនបានប្រើប្រាស់។
ឯកឧត្តម ឆាយ ឫទ្ធិសែន បានបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ សំណូមពរ អតីតយុទ្ធជន ខិតខំប្រឹងប្រែងកសាងជីវភាពថ្មី នៅលើដីសម្បទានសង្គមកិច្ច រីឯក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តតាមការណែនាំ ចង្អុលបង្ហាញរបស់សម្ដេចធិបតី ដោយខិតខំកសាង ស្ថាបនាផ្លូវ នឹងអណ្ដូងទឹកស្អាត សម្រាប់ជូនបងប្អូនអតីតយុទ្ធជន បានប្រើប្រាស់ មានអនាម័យល្អ និងអំពាវនាវដល់អតីតយុទ្ធជន រួមគ្នា ថែរក្សាសុខសន្តិភាព ដែលយើងកំពុងមាន ដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ៕
ដោយ ៖ វណ្ណលុក