គ.ជ.ប. អនុញ្ញាតឲ្យគណបក្សនយោបាយធ្វើការឃោសនាបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម ខេត្តព្រះសីហនុ ពីថ្ងៃទី១៧-២៤ ខែមករា

(ភ្នំពេញ)៖ ឯកឧត្តម សោម សូរីដា សមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធលើការងារបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមនៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ លើប្រធានបទ ៖ ការចាប់ផ្តើមបើកដំណើរ ការនៃការឃោសនាបោះឆ្នោត និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការឃោសនាបោះឆ្នោត ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម សោម សូរីដា បានលើកឡើងថា ការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើង វិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុមានទិសដៅឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ជូនអ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ក្នុងមណ្ឌលក្រុងកំពង់សោមនៃខេត្ត ព្រះសីហនុ។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បី បញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។ សកម្មភាពទាំងនោះមានជា អាទិ៍ ៖ ការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន ។ ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងក្រុងកំពង់សោម។ ការជួបជុំ ឬការឃោសនាតាមផ្ទះរបស់អ្នកបោះឆ្នោត។សកម្មភាពបិទផ្សាយបដា ពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាពឃោសនាផ្សេងៗ។សកម្មភាពចែកចាយខិត្តបណ្ណគណបក្សនយោបាយជាដើម ។

ឯកឧត្តម សមាជិក គ.ជ.ប. បញ្ជាក់ទៀតថា សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ការឃោសនាបោះឆ្នោត មានរយៈពេល ៨ថ្ងៃ គឺត្រូវចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២៥។ គ្រប់សកម្មភាពឃោស នាបោះឆ្នោតរបស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង ៦ព្រឹក ដល់ ម៉ោង ១០យប់ និងត្រូវឈប់សម្រាកនៅ ចន្លោះ ពីម៉ោង១០យប់ ដល់ម៉ោង ៦ ព្រឹក។ ចំពោះសកម្មភាពឃោសនាបោះឆ្នោត ដោយឧបករណ៍បំពងសំឡេងត្រូវហាមឃាត់ជាទូទៅចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ ម៉ោង ២ រសៀល។

គ .ជ.ប. អនុញ្ញាតឲ្យគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ អាចហែក្បួនព្យុហយាត្រា ក្នុងអំឡុង-ពេលឃោសនាបោះឆ្នោតនេះយ៉ាងច្រើន២ដង នៅក្នុងមណ្ឌលក្រុងរបស់ខ្លួន។ ការហែក្បួនព្យុហយាត្រា ត្រូវបានអនុញ្ញាតឱ្យធ្វើក្នុងក្របខណ្ឌសង្កាត់ទាំង៥ នៃក្រុង- កំពង់សោម។ គណបក្សនយោបាយសាមី ត្រូវជូនដំណឹងទៅ គ.ខ.ប. ព្រះសីហនុយ៉ាងហោចណាស់ ឱ្យបាន ៣ ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ ចំណែក ក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗត្រូវរក្សាសុវត្ថិភាពអ្នកចូលរួម និងសណ្តាប់ធ្នាប់ល្អនៅតាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍។ សូមបញ្ជាក់ថា ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនៃ ខែមករា ឆ្នាំ២០២៥ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner