ស្ថានទូតនៃសាធារណរដ្ឋគូបា សាទរការរីកចម្រើនរបស់បេស្បលហ្វាយនៅកម្ពុជានិងសន្យាជួយស្វែងរកគ្រូបង្វឹកល្អៗមកជួយកម្ពុជា
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតគូបា លោក ជំទាវ មីឡេនណា ការីដាដ ហ្សាលឌីវ៉ារ ពាដ្រា បានអនុញាតិឱ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាបេស្បលនិងសុហ្វបលកម្ពុជា លោក ឆែម តារា ប្រធានសហព័ន្ធចូលជួបសម្តែងការគួសម នាព្រឹកថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៥ ។
លោក ជំទាវ មីឡេនណា ការីដាដ ហ្សាលឌីវ៉ារ ពាដ្រា បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយ ដែល ស្ថានទូតនៃសាធារណរដ្ឋគូបា បានជួបជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាបេស្បល និងសុហ្វបលកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហការគាំទ្រក្នុងកម្មវិធីអភិវឌ្ឍកីឡាបេស្បលហ្វាយនៅកម្ពុជា។
លោក ជំទាវ បានគូសបញ្ជាក់បន្ថែមថា សម្រាប់កិច្ចសហការជាលើកដំបូងនេះ លោកជំទាវ សង្ឈឹមជឿជាក់ថា នឹងជួយជំរុញបន្ថែម ធ្វើឱ្យកីឡាបេស្បលហ្វាយរបស់កម្ពុជាកាន់តែមានប្រជាប្រិយភាព និងមានសក្តានុពលប្រកួតប្រជែងដោយគុណភាពនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ។
ជុំវិញដំណើរឆ្ពោះទៅកាន់កិច្ចសហការជាលើកដំបូងរវាងសហព័ន្ធកីឡាបេសប្បល និងសុហ្វបលកម្ពុជាជាមួយ គូបានេះ លោក ឆែម តារា បានចាត់ទុកថា ជាសញ្ញាវិជ្ជមានមួយជំរុញឱ្យបេសប្បលហ្វាយរបស់កម្ពុជាបានអភិវឌ្ឍទៅកាន់កម្រិតខ្ពស់នៅក្នុងតំបន់ ដ្បិតកីឡាបេស្បលហ្វាយនេះ ប្រទេសគូបាជាប្រទេសដែលខ្លាំងនិងមានសក្កានុពល។
លោក សង្ឈឹមជឿជាក់ថា កិច្ចសហការក្នុងភាពជាដៃគូនេះ ភាគីគូបា និងផ្តល់ផ្នែកបច្ចេកទេសដូចជាការផ្តល់ជាគ្រូបង្វឹកមកជួយដឹកនាំក្រុមកម្ពុជា តាមរយៈស្ថានទូតនៃសាធារណរដ្ឋគូបា និងនាំយកនាំយកកីឡាកររបស់កម្ពុជាទៅប្រកួតផ្លាស់ប្តូរបច្ចេកទេសនៅអន្តរជាតិ។
សូមបញ្ជាក់ថា នេះជាជំនួបលើកទី១រវាងគូបា និងសហព័ន្ធកីឡាបេស្បលនិងសុហ្វបលកម្ពុជា ក្នុងកិច្ចពិភាក្សាស្វែងរកការគាំទ្រឧបត្ថម្ភលើជំនួយបច្ចេកទេស និងសម្ភារៈ ដើម្បីឈានទៅអភិវឌ្ឍវិស័យកីឡាបេស្បលហ្វាយនៅកម្ពុជា ខណៈប្រភេទកីឡាថ្មីមួយនេះក៏មានវត្តមានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ៕
ថត ដោយ ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ