បេក្ខជនចំនួន ៣៦១នាក់ប្រឡងជាប់វិញ្ញាសាសរសេរលើកទី២ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីពន្ធដារ និងបន្តទៅវិញ្ញាសារសួរផ្ទាល់មាត់
(ភ្នំពេញ)៖ បេក្ខជន ចំនួន ៣៦១ នាក់ ក្នុងនោះស្រ្តីចំនួន ២០០នាក់ បានប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ បានអញ្ជើញចុះហត្ថលេខាលើលទ្ធផល (វិញ្ញាសាសរសេរលើកទី២) នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ ។

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជន ដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើក២ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានជ្រាបថា បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡងលើវិញ្ញាសាសួរផ្ទាល់មាត់ នាសម័យប្រឡងថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥ មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ស្ថិតតាមបណ្តោយវិថីឧកញ៉ាញឹកជូឡុង សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។
គួរបញ្ចាក់ថា ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច គឺបែងចែកជាបីដំណាក់កាលគឺ ដំណាក់កាលវិញ្ញាសាសរសេរលើកទី១(បានប្រឡង និងប្រកាសលទ្ធផលរួចរាល់) ដំណាក់កាលសរសេរលើកទី២ និងដំណាក់កាលសំណួរផ្ទាល់មាត់។
ក្រោយឆ្លងកាត់ការប្រឡងទាំង៣ដំណាក់កាល ជំនាញការ នឹងចម្រាញ់យកបេក្ខជនតែ ២៥៧នាក់ប៉ុណ្ណោះ ឱ្យទៅបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕




ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចន