សិស្សានុសិស្ស និង ពលរដ្ឋក្នុងស្រុកកំពង់លែង រួមគ្នាសម្អាតអនាម័យបរិស្ថាន ទម្លាប់ស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមផ្ទះសម្បែង និងដងផ្លូវ
(ភ្នំពេញ)៖ បណ្តាសិស្សានុសិស្ស និងពលរដ្ឋនៅស្រុកកំពង់លែង ខេត្ត កំពង់ឆ្នាំង បានរួមគ្នាសម្អាតបរិស្ថាន តាមដងផ្លូវ និងផ្ទះសម្បែងដែលសំដៅធ្វើយ៉ាងណាប្រែក្លាយ ភូមិ ឃុំ ស្រុក របស់ខ្លួនជាទីគ្មានសំរាម សំណល់ប្លាស្ទិក ដែលជាទីរស់នៅស្អាតប្រកបដោយអនាម័យ ។

ឯកឧត្តម ឡេង គឹមស្រុង អគ្គនាយករង នៃ អគ្គនាយកដ្ឋាន គាំពារបរិស្ថាន ក្រសួងបរិស្ថានដែលបានដឹកនាំចូលរួមក្នុងកម្មវិធីនេះនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថាក្រសួងបរិស្ថានបានចូលរួមសហការជាមួយរដ្ឋបាលស្រុកកំពង់លែង មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បន្តដឹកនាំធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ដងផ្លូវស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ» ដើម្បីរួមចំណែកលើកកម្ពស់ឱ្យការរស់នៅស្អាត ភូមិឋានស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានខ្យល់អាកាសល្អ ព្រមទាំងមានភាពទាក់ទាញអ្នកទេសចរណ៍មកកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងមូលដ្ឋានស្រុកកំពង់លែងឱ្យកាន់តែច្រើនថែមទៀត ។

ឯកឧត្តមមានបញ្ជាក់ប្រាប់ដែរថាដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ៨៩៤នាក់ បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងធ្វើការសម្អាតតាមដងផ្លូវ សាលារៀន រដ្ឋបាលឃុំក្នុងមូលដ្ឋានឃុំពោធិ៍ផងដែរ។

លោក ប៊ុត សប្បាយ មេឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ៖ ជារៀងរាល់សប្តាហ៍អាជ្ញាធរឃុំតែងចេញផ្សព្វផ្សាយ និងនាំសិស្សានុសិស្ស ពលរដ្ឋរួមគ្នាសម្អាតតាមដងផ្លូវផ្ទះសម្បែងសំដៅធ្វើយ៉ាងណាឱ្យភូមិឃុំស្អាតគ្មានសំរាម និង ប្រកបដោយអនាម័យ ។

លោកបានមានប្រសាសន៍ថា”កាលពីមុនមកនេះពួកគាត់មិនសូវយល់ដឹងពីបញ្ហាអនាម័យបរិស្ថានទេ តែក្រោយពីមានការបំផុសចលនានេះមកធ្វើឱ្យប្រជាពលរដ្ឋយល់ដឹង ហើយរួមគ្នាសម្អាតអនាម័យ មិនចោលសំរាមពាសវាលកាលដូចមុនទៀតឡើយ ។ ផ្ទុយមកវិញពួកគាត់រួមគ្នាសម្អាតសំរាម ទុកដាក់សំរាមដោយវេចខ្ចប់បានសមរម្យ ធ្វើឱ្យតាមដងផ្លូវស្អាតប្រកបដោយសោភណ្ឌភាពប្រសើរជាងមុនច្រើនណាស់” ។

ដោយឡែក លោក អេង ស្រស់វណ្ណៈ អភិបាលរងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា៖ក្នុងការអនុវត្តយុទ្ធនាការ”កម្ពុជាស្អាត ខ្មែរធ្វើបាន”ត្រូវបានឃុំទាំង៩ នៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានអនុវត្តជាបន្តបន្ទាប់ ហើយឃើញថាពលរដ្ឋកាន់តែច្រើនឡើងបានចូលរួម ។ សិស្សនុសិស្ស និងពលរដ្ឋកាន់តែច្រើនឡើងបានយល់ជ្រួតជ្រាបពីគុណតម្លៃបរិស្ថាន។អ្វីដែលសំខាន់គឺយើងបានចាប់ផ្តើមពីសិស្សនុសិស្ស ឱ្យបានយល់ដឹងពីបរិស្ថាន ហើយយកទៅអនុវត្តនៅថ្ងៃអនាគត ដែលនេះគឺជារឿងសំខាន់សម្រាប់ប្រែក្លាយកម្ពុជាជាប្រទេសស្អាតប្រកបដោយអនាម័យនាថ្ងៃខាងមុខ ។

លោកថា ស្រុកកំពង់លែងគឺជាតំបន់សក្តានុពលមិនទាន់កែច្នៃមួយកន្លែង ហើយប្រសិនបើទីកន្លែងនេះមានអនាម័យស្អាត មានដើមឈើស្រស់បំព្រង និងប្រកបដោយធនធានធម្មជាតិនោះនឹងក្លាយជាទីទាក់ទាញវិស័យទេសចរណ៍ចូលកម្សាន្តនាថ្ងៃអនាគតពុំខានឡើយ ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ជីម ភារ៉ា









