តំបន់ភ្នំប្រង់ ដែនជម្រកសត្វព្រៃបឹងពែរ មិនមានការលួចកាប់​ព្រៃទន្រ្ទានយកដីជាថ្មីទេ

កំពង់ធំ៖បញ្ជាក់ពីការយកចិត្តទុកដាក់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា​ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធាន អចិន្ត្រៃយ៍គណៈកម្មការ​ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និងសហការី​កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញ​សួរសុខទុក្ខនិង​ដើម្បី​ពិនិត្យ​ការងាររបស់​កងកម្លាំងចម្រុះដែល​កំពុង​ប្រចាំការការពារ ទប់ ស្កាត់ និងបង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិ នៅទីបញ្ជាការស្រាលតំបន់ភ្នំប្រង់ ដែនជម្រកសត្វ​ព្រៃបឹងពែរ នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោក ញឹម ចន្ធី មន្ត្រីឧទ្យានុរក្សបរិស្ថាន និងជាប្រធានទីបញ្ជាការស្រាល​ប្រចាំការនៅតំបន់ភ្នំប្រង់ បានជម្រាប​ឧត្តមសេនីយ៍​ទោ សោម ស៊ុន ពីស្ថានភាព​រួមនៃតំបន់ភ្នំប្រង់ ដែនជម្រកសត្វ​ព្រៃបឹងពែរថា​ក្នុង​យុទ្ធនាការពារទប់ស្កាត់ និង​បង្ក្រាប​បទល្មើសធនធានធម្មជាតិរយៈពេល ៨ខែកន្លងមកនេះ កងកម្លាំងចម្រុះ​របស់ទីបញ្ជាការ​ស្រាល បានការពារទប់ស្កាត់​មិនឱ្យមានការកាប់ទន្ទ្រាន​ព្រៃឈើយកដីធ្វើកម្មសិទ្ធិជាថ្មីទៀតទេ ។កម្លាំងបានចល័តផ្លាស់​ប្ដូរតាម​សភាពការណ៍​ជាក់ស្ដែង​ក្នុងភូមិសាស្ត្រទាំងក្នុងរដូវប្រាំងនិងក្នុងរដូវវស្សា ។

ចំណែកការស្នាក់នៅនិងរស់នៅវិញ លោក ញឹម ចន្ធី​បញ្ជាក់ថា ​បច្ចុប្បន្នទី​បញ្ជាការស្រាលបានរៀប​ចំកសាង​កន្លែង​ស្នាក់​នៅសមរម្យ នៅចំណុចអាភ្លោះ ក្នុងតំបន់ភ្នំប្រង់ ។ចំពោះអាហារទទួលទាន និងការប្រើប្រាស់ប្រេងឥន្ធនៈ បានការ​ជួយ​ឧបត្ថម្ភពីគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធនធានធម្មជាតិ របស់ខេត្ត បានជាបន្តបន្ទាប់បង្កលក្ខណៈ​ឱ្យកងកម្លាំងចម្រុះ​អាចធ្វើសកម្មភាពបានជាប្រចាំ ។ប៉ុន្តែនៅក្នុងរដូវប្រាំងមានការ​ខ្វះខាតទឹក​ប្រើប្រាស់ប្រចាំថ្ងៃ។នេះជាបញ្ហាប្រឈមមួយដែរ ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរកង​កម្លាំងចម្រុះទាំងអស់ដែល បានខិតខំប្រឹងប្រែងក្នុងកា​របំពេញ​ភារកិច្ចទទួលបានជោគជ័យ ដោយមិនខ្លាចនឿយហត់ ទោះបីជួបការលំបាកយ៉ាងណាក្តី ដោយគោរព យ៉ាងម៉ឺង​ម៉ាត់តាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ,បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបទបញ្ជានិងការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈ កម្មការបការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ។

នៅទីនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានចូលរួមពិសារអាហាររួមគ្នា​ជាមួយកងកម្លាំងចម្រុះ ដើម្បីលើកទឹកចិត្តដល់​បងប្អូនក្នុងការបំពេញភារកិច្ច​បន្តទៀតឱ្យទទួលបានជោគជ័យ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner