កោះភូកេតកំពុងអាប់មុខមាត់ ក្រោយមានបញ្ហាសំរាមធ្ងន់ធ្ងរ ១,៤០០ តោនក្នុងមួយថ្ងៃ
បាងកក ៖ ដបប្លាស្ទិក និងសំបកកំប៉ុងស្រាបៀរជាច្រើននៅរាយប៉ាយក្រោមបាតសមុទ្រ ពោលគឺនៅក្នុងទឹកជុំវិញកោះរមណីយដ្ឋានភូកេត ភាគខាងត្បូងប្រទេសថៃ ដែលកំពុងជួបកំណើនវិបត្តិសំរាមធ្ងន់ធ្ងរ ខណៈដែលកាកសំណល់ក៏កាន់តែគរច្រើនឡើងនៅលើកោះដែលជាកន្លែងទេសចរណ៍ល្បីល្បាញដោយសារឆ្នេរខ្សាច់ដ៏ទាក់ទាញ និងថ្ងៃលិចដ៏ស្រស់ស្អាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អភិបាលរងកោះភូកេត លោក Suppachoke Laongphet បានគូសបញ្ជាក់ថា នៅត្រឹមដំណាច់ឆ្នាំ ២០២៥ កោះភូកេត ត្រូវបានរំពឹងថា អាចនឹងមានសំរាមរហូតដល់ ១.៤០០តោនក្នុងមួយថ្ងៃ ដែលលើសចំណុះសម្រាប់កន្លែងចាក់សំរាមតែមួយគត់ និងបង្កជាវិបត្តិសំរាមធ្ងន់ធ្ងរ។
លោកបន្តថា អាជ្ញាធរកំពុងជំរុញផែនការកាត់បន្ថយការបង្កើតកាកសំណល់ចំនួន ១៥ភាគរយក្នុងរយៈពេល៦ខែ, ពង្រីកទីតាំងចាក់សំរាម និងសាងសង់ឡដុតសំរាមថ្មី ខណៈដែលកោះនេះកំពុងខិតខំប្រឹងប្រែងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព។ ប៉ុន្តែការបង្កើនសមត្ថភាព និងឡដុត គឺគ្រាន់តែជាផ្នែកនៃដំណោះស្រាយប៉ុណ្ណោះ។
នៅជ្រុងម្ខាងនៃកោះភូកេត ឡានដឹកទំនិញ និងត្រាក់ទ័របានរុញច្រានគំនរសំរាមទៅមកជុំវិញកន្លែងចាក់សំរាមដ៏ធំ ដែលជាគោលដៅចុងក្រោយសម្រាប់កាកសំណល់ច្រើនជាង ១.០០០តោន ដែលប្រមូលបាននៅកោះភូកេតជារៀងរាល់ថ្ងៃ។ ក្នុងពេលប៉ុន្មានខែប៉ុណ្ណោះ ទីលានចាក់សំរាមបានរីកធំ និងខ្ពស់ឡើងៗ ដោយបិទបាំងទិដ្ឋភាពភ្នំដ៏ស្ងប់ស្ងាត់ពីមុខផ្ទះអ្នកស្រុក។
ដើម្បីទប់ទល់នឹងក្លិនស្អុយ អ្នកស្រុកជាច្រើនបន្តបើកម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបន្សុទ្ធខ្យល់ជាប្រចាំ ដែលធ្វើឱ្យថ្លៃអគ្គិសនីកើនឡើងទ្វេដង។ យ៉ាងណា ភូកេត ដែលជាកោះធំជាងគេរបស់ប្រទេសថៃ បានទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសារវិស័យទេសចរណ៍របស់ខ្លួន ដែលជាកត្តាជំរុញដ៏សំខាន់នៃសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសថៃ៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា