ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ នៅសង្កាត់ជ្រាវ ទាក់ទាញការចាប់អារម្មណ៍ពីក្រុមទេសចរបារាំង
សៀមរាប៖បន្ទាប់ពីទស្សនាតំបន់រមណីយដ្ឋានអង្គរ អ្នកទេសចរមួយក្រុមមកពីប្រទេសបារាំងចំនួន៣៥នាក់បានទៅទស្សនាសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ទស្សនកិច្ចនេះដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ ការធ្វើកសិកម្ម ក៏ដូចទំនៀមទម្លាប់ប្រពៃណី ជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋខ្មែរនៅទីនោះផងដែរ។
ទស្សនកិច្ចនៃក្រុមទេសចរបារាំងកាលពីថ្ងៃទី១៥ ខែមករា កន្លងទៅ គឺជាដំណើរទស្សនាចរលើកដំបូងរបស់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នៃប្រទេសបារាំងដែលបាននាំភ្ញៀវមកទស្សនាខេត្តសៀមរាបរយៈពេល៤ថ្ងៃ ។ក្រុមទេសចរដឹកនាំដោយអ្នកស្រី អាឡាំង ឆាឡូត( ALLAIN Charlotte)តំណាងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អាត់កុមប៉ាញីទ្រីសប្រទេសបារាំង ។ត្រឡប់មកនិយាយអំពីសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង សង្កាត់ជ្រាវវិញ គឺទើបតែរៀបចំឱ្យមានជាវង់ទស្សនាបែបជាកសិ-ទេសចរណ៍ធម្មជាតិហើយក៏ទើបតែចាប់ផ្តើមទទួលស្វាគមន៍ទេសចរជាលើកដំបូងដែរ។
លោក ភុត ផានិត ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំងបានឱ្យដឹថា នៅក្នុងសង្កាត់ជ្រាវនេះ មានសក្តានុពលទេសចរណ៍ជាច្រើន និងសម្បូរ ទៅដោយវប្បធម៌ ,ប្រពៃណី,ទំនៀមទម្លាប់ ដែលសុទ្ធតែអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននេះអាចមានឱកាសបង្កើតការងារ និងទទួលបានប្រាក់ចំណូល។
តើអ្វីខ្លះដែលមាននៅសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង? លោក ភុត ផានិត បញ្ជាក់ថា ទេសចរជាតិ ពិសេសអន្តរជាតិដែលអញ្ជើញមកកម្សាន្តនៅតំបន់នេះ អាចស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាការដាំដំណាំ ការបង្កបង្កើនផល មើលទិដ្ឋភាពវាលស្រែអមជាមួយថ្ងៃលិចដ៏ស្រស់ស្អាត ការជិះរទះគោ និងជិះទូកទស្សនាសត្វស្លាបនៅបឹងពារាំងដែលមានសត្វរាប់ម៉ឺនក្បាលនិងជាង១០០ប្រភេទជាពិសេសសម្បូរក្នុងអំឡុងរដូវទឹកសម្រក។
លោក ភុត ផានិត បន្ថែមថាការរៀបចំឱ្យមានវង់ទស្សនាបែបជាកសិ-ទេសចរណ៍ធម្មជាតិនេះគឺសំដៅចូលរួមលើកស្ទួយវិស័យទេសចរណ៍សហគមន៍ផង ជួយបង្កើនការងារបន្ថែម ដល់បងប្អូនក្នុងសហគមន៍តាមរយៈជួយការងារនានាក្នុងសហគមន៍ និងដាំដំណាំ ចិញ្ចឹមសត្វតាមគ្រួសារសម្រាប់ផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ផង។
លោកបន្តថា ដោយសង្កេតឃើញពីអំណោយផលនិងសក្តានុពលនៃវិស័យទេសចរណ៍បែបធម្មជាតិក្នុងមូលដ្ឋាននេះ ទើបបង្កើតឱ្យមានជាវង់ទស្សនាដើម្បីឱ្យទីនោះក្លាយទៅជា គោលដៅទេសចរផងហើយប្រជាពលរដ្ឋក៏អាចយកផលិតផលកសិកម្មរបស់ខ្លួនមកដាក់លក់បានផង។
អ្នកស្រី អាឡាំង ឆាឡូត( ALLAIN Charlotte)បានបង្ហាញនូវអារម្មណ៍រំភើបចំពោះអ្វីៗដែលសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំងមាន ។អ្នកស្រីថា ក្រុមភ្ញៀវរំភើបណាស់នៅពេលបានឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូបែប និងបានឃើញពីសកម្មភាពពិតៗនៃជីវភាពរស់ ការធ្វើកសិកម្មបែបប្រពៃណីរបស់កម្ពុជា រួមជាមួយនឹងការជិះរទេះគោទស្សនាតាមវាលស្រែផងនោះពិតជាសប្បាយរីករាយ ។អ្នកស្រីថា នឹងជួយផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរបារាំង ដើម្បីឱ្យមកកម្សាន្តនៅទីនេះ។ទន្ទឹមនឹងនេះក្រុមហ៊ុនទេសចរណ៍របស់លោកស្រីនឹងរៀបចំកញ្ចប់ទស្សនាមកកាន់ទីនេះទៀតជាមិនខានព្រោះ ទីនេះរក្សាបាននូវវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ធម្មជាតិស្រស់ត្រកាល ពិសេសបរិស្ថាន៕
ដោយ៖ ប៊ុន រដ្ឋា