រដ្ឋបាលខេត្តកំពតយកចិត្តទុកដាក់ក្នុងការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់

កំពត៖ថ្នាក់ដឹកនាំខេត្តកំពតបានជំរុញដល់មន្ត្រីជំនាញ និងគ្រប់ផ្នែកពាក់ព័ន្ធ​ត្រូវបន្ត​បេសកកម្មក្នុង​ការដកហូត​ឱសថ​ក្លែង​ក្លាយ និងលុបបំបាត់សេវា​សុខាភិបាលខុសច្បាប់ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ។

ក្នុងកិច្ចគណ:កម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាល​ខុសច្បាប់កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​នៅសាលាខេត្តលោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង​ខេត្តកំពតប្រាប់មន្រ្តីចូលរួមថា សុខភាពជាកត្តា​សំខាន់របស់មនុស្សគ្រប់រូប ។អ្នកជំងឺតែងស្វែងរកសេវា​ព្យាបាលដើម្បី​បន្ត​ភាពរឹងមាំនៃកម្លាំងដោយផ្តល់ការទុកចិត្តទាំងស្រុងលើអ្នកជំនាញ​ផ្នែក​សុខភាព។ ប្រសិនបើការទទួលសេវាខុសព្រោះ​តែអ្នកបម្រើសេវាមិនសុចរិត ដូចជាការប្រើប្រាស់ឱសថក្លែងក្លាយជាដើម នោះ អ្នកជំងឺកាន់តែរងគ្រោះ​ធ្ងន់ធ្ងរឡើង។

លោកថា ទាំងនេះ​ជា​បន្ទុកទទួលខុសត្រូវរបស់គ្រប់អ្នកពាក់ព័ន្ធ ពិសេស​សមាជិកគណ:កម្មការដែលកំពុងមានវត្តមាន​នៅទីនេះស្រាប់។ ដូច្នេះ​មន្ត្រីក្នុងដែនជំនាញពាក់ព័ន្ធគ្រប់អាជ្ញាធរក្រុង-ស្រុកត្រូវបន្តចុះរឹបអូស​ឱសថក្លែងក្លាយ និងលុប​បំបាត់រាល់សេវាសុខាភិបាលខុស​ច្បាប់ឱ្យមាន​ប្រសិទ្ធភាព។ បន្ថែមលើនេះ ក្រុមការងារត្រូវបន្តណែនាំដល់គ្រប់​ម្ចាស់​ឱសថស្ថាន និងកន្លែងផ្តល់សេវាសុខាភិបាលត្រូវប្រកាន់ខ្ជាប់​នូវក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំងអនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្តី​ណែនាំរបស់ក្រសួង​សុខាភិបាល និងច្បាប់ជាធរមាន។

បើតាមលោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បច្ចុប្បន្ន ការផ្តល់អាជ្ញាបណ្ណបម្រើសេវាសុខា​ភិបាលបាន​ធ្វើនៅថ្នាក់​ការិយាល័យ​ច្រកចេញចូលតែមួយ។ ដូច្នេះអាជ្ញាធរក្រុងស្រុកត្រូវតាមដាន​ពិនិត្យមើល ក្នុង​ករណី​កន្លែងផ្តល់សេវាសុខាភិបាលណាមួយហួសសុពល​ភាព​អាជ្ញាបណ្ណ ឬមិនទាន់ទទួលបានច្បាប់គឺមិនអនុញ្ញាតឱ្យ​ដំណើរ​ការជាដាច់ខាត។ ចំណែក​អ្នកដើរចាក់ថ្នាំតាមភូមិក៏ត្រូវលុបបំបាត់ឱ្យអស់ ព្រោះមិនមានច្បាប់​ណា​អនុញ្ញាត​ទេ៕
ដោយ៖ សិលា សារិន

ads banner