ក្រុមសមាជិកព្រឹទ្ធសភាបានរៀបចំវេទិកាស្តីពី “ពង្រឹងសមត្ថភាពដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគ្រិនជាស្ត្រី រួមទាំង វិស័យឌីជីថល”នៅខេត្តកំពត
កំពត៖រយៈពេលពីរថ្ងៃគឺថ្ងៃទី១៥ និង១៦ ខែមករា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាបានរៀបចំវេទិកាស្តីពី “ពង្រឹងសមត្ថភាពដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគ្រិនជាស្ត្រី រួមទាំង វិស័យឌីជីថល” Castle Bayview Resort & Spa ខេត្តកំពត ។
ក្នុងវេទិកាខាងលើឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភាបានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា ,សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា តែងតែលើកទឹកចិត្ត និងផ្តល់សិទ្ធិអាទិភាពដល់ស្ត្រីនៅក្នុងភាពជាអ្នកដឹកនាំ ទាំងនៅក្នុងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ដើម្បីរួមចំណែកសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ពិសេសលើកកម្ពស់សមត្ថភាពស្ត្រី ក្នុងភាពជាអ្នកដឹកនាំ ឯកឧត្តមអនុប្រធានទី២បានបង្ហាញគន្លឹះសំខាន់ៗមួយចំនួនដល់អ្នកចូលរួម។
ចំណែកលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានបញ្ជាក់ថា វេទិកាស្តីពី “ពង្រឹងសមត្ថភាពដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគ្រិនជាស្ត្រី រួមទាំង វិស័យឌីជីថល” ភូមិភាគទី៥ មានគោលបំណង ជួយពង្រឹងសមត្ថភាពដឹកនាំ ការគាំទ្រ និងជំរុញកិច្ចសហការ ការប្រាស្រ័យទាក់ទងឱ្យកាន់តែមានភាពជិតស្និទ្ធរវាងក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងសហគ្រិនស្រ្តី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រកបមុខរបរអាជីវកម្ម ការគ្រប់គ្រង ចំណូល-ចំណាយ ការភ្ជាប់បណ្តាញអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច ព្រមទាំងការយល់ដឹងពីប្រព័ន្ធ បច្ចេកវិទ្យាឌីជីថល។
សូមជម្រាបថា សមាសភាពចូលរួមក្នុងវេទិការយៈពេលពីរថ្ងៃនេះមាន ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី ភូមិភាគទី៥ មកពីខេត្តកំពត តាកែវ និងខេត្តកែប ចំនួន១៤៩នាក់ និងសហគ្រិនស្ត្រី ចំនួន១០០នាក់៕
ដោយ៖ សិលា សារិន