ស្ពានថ្មីពីរកន្លែងទៅកាន់រមណីយដ្ឋានទេសចរណ៍គីរីរម្យ នឹងដាក់ឱ្យដំណើរការមុនបុណ្យចូលឆ្នាំថ្មី
កំពង់ស្ពឺ៖នៅខេត្តកំពង់ស្ពឺ ការដ្ឋានសាងសង់ស្ពានថ្មីពីរកន្លែង និងផ្លូវបេតុងតាមបណ្តោយផ្លូវជាតិ៤៦ តភ្ជាប់ពីផ្លូវជាតិលេខ៤ទៅកាន់ឧទ្យានជាតិគីរីរម្យ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងមមាញឹកក្នុងការស្ថាបនា ហើយតាមផែនការនឹងធ្វើឱ្យរួចរាល់នាមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។
លោក ស៊ូ សុន្ទរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បញ្ជាក់ថា ស្ពានបេតុងចំនួន ពីរកន្លែងដែលកំពុងសាងសង់ គឺស្ពានទី១ នៅត្រង់គីឡូម៉ែត្រ១៤+១០០ នៃភូមិសាស្ត្រស្ពានអូរកសេះ និងស្ពានទី២ ប្រវែង ៣៦ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គីឡូម៉ែត្រ២២+៥០០ នៃភូមិសាស្ត្រស្ពានអូរ តាសេក និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានចំនួន២កន្លែង ដោយក្រាលកៅស៊ូ( DBST)ប្រវែងសរុប២០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងចិញ្ចើមដីល្បាយថ្ម ទទឹង ០,៥ម៉ែត្រសងខាង កំណាត់ផ្លូវជាតិលេខ ៤៦ ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច។ការដ្ឋាននេះបានចាប់ផ្តើមកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។គិតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥លទ្ធផលនៃការងារសម្រេចបាន ៨០,៦០%ហើយ។
ក្នុងពេលនោះពិនិត្យវឌ្ឍនភាពការដ្ឋានកាលពីថ្ងៃទី១៥ ខែមករា ឯកឧត្តបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ឃុំចំបក់មានប្រជាពលរដ្ឋរស់នៅប្រមាណមួយពាន់គ្រួសារ។ពួកគេជាកសិករ ហើយទីនេះក៏មានរមណីយដ្ឋានពីរកន្លែង,មានឧទ្យានជាតិគីរីរម្យនិងទឹកធ្លាក់ចំបក់ដែលជាតំបន់ទេសចរណ៍ធម្មជាតិ។ ដូច្នេះរំពឹងថាការស្ថាបនាស្ពានពីរកន្លែងនៅលើផ្លូវជាតិលេខ៤៦នេះ នឹងបម្រើដល់ការដឹកជញ្ជូនកសិផលនិងសម្រួលដល់ដំណើរភ្ញៀវទេសចរមកកាន់រមណីយដ្ឋាន។មួយវិញទៀតក៏បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានទៅកាន់មន្ទីរពេទ្យនិងសាលារៀនផងដែរ។ដូច្នេះសុខសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ៕
ដោយ៖ ម៉ុន សំអាត