យោធិននៃកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ២០០នាក់ ស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែក ១៦មករាខេត្តព្រះវិហារ
ព្រះវិហារ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារចំនួន ២០០នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់នៅក្នុងមន្ទីរពេទ្យ ១៦មករា និងមន្ទីរសុខាភិបាលខេត្តព្រះវិហារ ។សកម្មភាពនជក៏ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ( ៧មករា ១៩៧៩ – ៧មករា ឆ្នាំ២០២៥ )
ការបរិច្ចាគឈាមបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ក្រោមវត្តមានឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង និងជានាយសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ ។
ឧត្តមសេនីយ៍ត្រី អាន់ លន មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៩ បានបង្ហាញអារម្មណ៍រំភើបដែលបានចូលរួមបរិច្ចាគឈាមចំនួន២០០នាក់គ្រប់តាមចំនួនស្នើសុំ និងបានត្រៀមកម្លាំងបម្រុងមួយចំនួនផ្សេងទៀត ក្នុងករណីចាំបាច់ជាក់ស្តែងណាមួយ ។
ឯកឧត្តម គីម រិទ្ធី បានថ្លែងកោតសរសើរចំពោះភាពអង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ៩ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ជាតិ សាសនា ព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី ។ជាពិសេសបំផុតមេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហានទាំងអស់ ក៏បានស្ម័គ្រចិត្តបរិច្ចាគឈាមស្រស់ៗ សម្រាប់ជួយសង្គ្រោះដល់ប្រជាជនគ្រប់រូប គ្រប់មជ្ឈដ្ឋាន គ្រប់ឋានៈ វណ្ណៈ មិនប្រកាន់ពូជសាសន៍ ដោយក្តីស្រឡាញ់ពេញបេះដូង ៕
ដោយ៖ឡុង សំបូរ