ធ្វើផ្លូវក្រវាត់ព្រំដែន៖ បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចបានលើផ្ទៃដីជាង ២សែន ម៉ែត្រការ៉េក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី

រតនគិរី៖ការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធព្រំដែនក្នុងខេត្តរតនគិរី ការ​បោស​សម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេច​បានលើផ្ទៃដី ២៣៧ ៥០០ ម៉ែត្រការ៉េ ។នេះជាលទ្ធផលរបស់កងកម្លាំងវិស្វកម្មកម្ពុជាបានរកឃើញ។ចំពោះមុខ កម្លាំងជំនាញកំពុងរាវរកគ្រាប់មិនទាន់ផ្ទុះតាមគោលដៅ​របស់​ខ្លួនជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការកសាងផ្លូវក្រវាត់ព្រំដែន ។

អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានប្រាប់អ្នកសារព័ត៌មាន​កាលពីពេលថ្មីៗកន្លងមកនេះថា ថវិកា​មូលនិធិ​ខ្សែក្រវាត់ព្រំដែននេះ ជាកញ្ចប់ថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានមកពីការចូលរួម​ចំណែករបស់​ប្រជាពល​រដ្ឋក្នុង និងក្រៅប្រទេស ដើម្បីកសាងហេដ្ឋារចនា​សម្ព័ន្ធជាតិ ។ឯកឧត្តមបន្តថា ផ្លូវក្រវាត់ព្រំដែនមានប្រវែងជាង ១០០​គីឡូម៉ែត្រចាប់រាប់ពីបង្គោលលេខ ០០ មុំ៣ នៅតំបន់កន្ទុយនាគផ្នែក​ខាងលើជាប់ព្រំដែនកម្ពុជា-ឡាវ មកដល់​បង្គោល​លេខ ៣០ ជាផ្នែកទី១។ ចំណែកផ្នែកទី២ ព្រំប្រទល់រវាងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងផ្នែកទី៣ ជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ។

ឯកឧត្តមបន្តថា កម្លាំងកងវិស្វកម្មកម្ពុជា កំពុងប្រឹងប្រែងធ្វើផ្លូវក្រវាត់​ព្រំដែននេះយ៉ាងសស្រោកសស្រាំ ។ឯកឧត្តម​អភិបាល​ខេត្តបានរំលឹកថា កាលពីមុនកូវីដ១៩ កងវិស្វកម្ម បានស្ថាបនាផ្លូវក្រវាត់ព្រំដែននេះ​ម្តងរួច​មកហើយ ចាប់ពីបង្គោល​លេខ​៣០ នៅត្រង់ច្រកទ្វាព្រំដែន ស្រុកអូរយ៉ាដាវ សំដៅទៅទិសខាងជើងមុំ៣ ។កាលណោះធ្វើបាន៨០គីឡូម៉ែត្រ ប៉ុន្តែបានផ្អាក​រយៈពេល ៤ឆ្នាំគិតមកដល់ពេលនេះ។

បើតាមការរៀបរាប់របស់ឯកឧត្តមអភិបាលខេត្ត ដោយសារការផ្អាក​ជាច្រើន​ឆ្នាំនេះ ជាហេតុធ្វើឱ្យព្រៃឈើក៏ដុះឡើងវិញ ហើយផ្លូវលំដែល​បានធ្វើរួចរាល់ ត្រូវបានខូចខាតដោយភ្លៀងនៅរដូវវស្សា ។ស្ថានភាពផ្លូវឥឡូវនេះ មិនអាច​ធ្វើដំណើរ​បាន​ទេ។កងវិស្វកម្មកម្ម កំពុងជួសជុលផ្លូវជង្ហុក ផ្លូវបាក់ស្រុត​ដោយសារទឹកភ្លៀងហូរដាច់។ ដោយឡែក ក្នុងពេលបច្ចុប្បន្ន កម្លាំង​​កងវិស្វកម្ម បានរៀបចំគ្រឿងចក្រសម្រាប់ធ្វើផ្លូវបន្តពីបង្គោលលេខ៣០ និងបង្គោល​លេខ១០ ទៅមុខទៀត​យ៉ាង​មមាញឹក​។កម្លាំងដែលធ្វើត្រូវបានចែកចេញជា២ ទៅ ៣ក្រុម ឆ្ពោះឆ្លងកាត់ជ្រោះ និងចង្កេះភ្នំ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner