គ.រ.វ បើកកិច្ចប្រជុំលើកទី៣ ដើម្បីពិនិត្យអំពីលទ្ធភាពដែលក្រសួង ស្ថាប័នសម្រេចបានរយៈពេល ១ឆ្នាំ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហៅកាត់ថា (គ.វ.រ.) នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានកិច្ចប្រជុំលើកទី៣ ដើម្បីពិនិត្យអំពីលទ្ធផលដែលក្រសួង ស្ថាប័ន សមាជិក នៃ គ.វ.រ. សម្រេចបាន រយៈពេល ១ឆ្នាំ២០២៤ កន្លងមក ព្រមទាំងពិនិត្យ និងពិភាក្សាលើឯកសារសេចក្តីព្រាងជុំវិញការអនុវត្តវិធានការគន្លឹះទី២ ជាពិសេសការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។
កិច្ចប្រជុំ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីនៃក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធាន និងជាសមាជិក ប្រមាណ ៦០រូប។
គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ត្រូវបានបង្កើតឡើងនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ជាយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។ ក្រសួងមុខងារសាធារណៈ បំពេញមុខងារជាលេខាធិការដ្ឋានរបស់ គ.វ.រ.។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
ទន្ទឹមនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីកែទម្រង់ស៊ីជម្រៅរួមមាន៖ (១)ការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ (២)ការកែទម្រង់វិស័យអប់រំ (៣)ការកែទម្រង់វិស័យសុខាភិបាល (៤)ការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការប្រយុទ្ធប្រឆាំងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន និង (៥)ការលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
វិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវទទួលបន្ទុកដឹកនាំដោយគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ)ហើយបានដាក់ចេញនូវផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។
ក្នុងនោះ គ.វ.រ. បានដាក់ចេញវិធានការគន្លឹះរបស់ខ្លួនចំនួន៣ គឺ៖ (វិធានការគន្លឹះទី១) ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ដោយបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» (វិធានការគន្លឹះទី២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីការលើកកម្ពស់គុណភាពការងារ តាមរយៈការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន រួមទាំងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិល «រៀបចំផ្ទះឱ្យរៀបរយ ពង្រឹងជាជាងពង្រីក» និង (វិធានការគន្លឹះទី៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបវីដេអូ ៖ រិន រចនា