សិស្សានុសិស្សរួមជាមួយ និងអាជ្ញាធររួមគ្នារើសសំរាមដើម្បីបំផុសស្មារតីឱ្យប្រជាពលរដ្ឋស្រលាញ់បរិស្ថានតាមដងផ្លូវ
(កំពង់ឆ្នាំង)៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ រួមជាមួយនិងរដ្ឋបាលស្រុកជលគីរី សហការជាមួយក្រសួង និងមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង សរុបចំនួន ១,០៧១ នាក់ ក្នុងនោះស្រីមានចំនួន ៤៥១ នាក់នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានរួមគ្នារើសសំរាមតាមដងផ្លូវនៅក្នុងភូមិឋាន ដើម្បីជាការបំផុតស្មារតី ឱ្យប្រជាលពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹម មិនបោះចោលពាសវាលពាសកាលនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាព ក្នុងយុទ្ធនាការ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » ។
លោក មុត ម៉េង អភិបាលរងស្រុកជល់គីរី បានលើកឡើងថា យុទ្ធនាការសម្អាតផ្លូវជាតិ “ផ្លូវគ្មានសំរាម និងសំណល់ប្លាស្ទិក” ដាក់ចេញដោយក្រសួងបរិស្ថានគឺជារឿងមួយល្អដែលនិងធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងទៅលើការទុកដាក់សំរាម នៅតាមគេហដ្ឋាន និងនៅតាមដងផ្លូវ ក្នុងសហគមន៍ជាដើម។ លោកបន្ថែមថា ស្រុកបានដាក់ផែនការសកម្មភាពនៅគ្រប់ទាំង៥ឃុំ ក្នុងស្រុកជលគីរី ដោយបានដាក់ចេញនូវឧបករណ៍ប្រមូលសំរាម និងការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងផងដែរ។
លោក ឯក ឈុន មេឃុំជលសា បានលើកឡើងថា ឃុំបានធ្វើការផ្សព្វផ្សាយប្រចាំខែទាក់ទងទៅនិងអនាម័យ បរិស្ថាន ជាមួយនិងក្រុមប្រឹក្សាឃុំ ក៏ដូចជាវេទិការសារធារណៈ ជាដើម ដោយចាប់អនុវត្តន៍ធ្វើការជួប្រជុំទៅតាមខ្នងផ្ទះ ចំនួន៣០ គ្រួសារ នៅក្នុងមួយសប្តាហ៍ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យគាត់បានយល់ដឹងពីការងារទុកដាក់សំរាមនេះ។
សិស្សានុសិស្ស នៃសាលាអនុវិទ្យាល័យដែលបានចូលរួមនៅក្នុងការរើសសំរាមគឺចង់ឱ្យសិស្សានុសិស្ស ក៏ដូចជាប្រជាជនទាំងអស់ចូលរួម សំអាត និងថែរក្សាបរិស្ថានឱ្យបានស្អាត និងមិនបោះចោលពាសវាលពាសកាល ដែលនាំឱ្យខូចទៅដល់សោភ័ណ្ឌភាពបរិស្ថាន និងឈានទៅរកការបំពុលបរិស្ថាន ប៉ះពាលដល់សុខភាពផងដែរ។
ដើម្បីឱ្យការដាក់ចេញនូវយុទ្ធនាការសម្អាតផ្លូវជាតិ “ផ្លូវគ្មានសំរាម និងសំណល់ប្លាស្ទិក” មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវផែនការសកម្មភាពចុះជាប់ជាប្រចាំទៅលើកិច្ចការងារចូលរួមផ្សព្វផ្សាយជាប់ជាប្រចាំ រហូតដល់៣០ ខែមករា ឆ្នាំ២០២៥នេះ ។
លោក ង៉ែត បុល អនុប្រធាននាយដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋាគាំពារបរិស្ថាន ក្រសួងបរិស្ថាន បាគូសបញ្ជាក់ថា យុទ្ធនារដែលដាក់ចេញដោយក្រសួងបរិស្ថានគឺធ្វើយ៉ាងណាដើម្បីសំអាតអនាម័យបរិស្ថាន មិនត្រឹមតែផ្លូវជាតិនោះទេ គឺធ្វើយ៉ាងណាឱ្យមានការចាប់ផ្តើមនៅគ្រប់លំនៅតាមផ្លូវលំ នៅតាមភូមិ ឃុំ ស្រុកជាដើម ។ លោកបញ្ចាក់បន្ថែមថា ក្រសួងបរិស្ថាន តែងតែធ្វើការជំរុញឱ្យមានការចូលរួម ដោយផ្តល់ផ្នត់គំនិតចាប់ពីកុមារនៅតូច ដោយបញ្រ្ជាប់ការយល់ដឹងដល់ប្រជាពលរដ្ឋ គ្រប់រូបព្រោះថាការងារបរិស្ថាននេះគឺផ្តើមចេញពីមនុស្សម្នាក់ត្រូវចេះទុកដាឱ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយ ស្របទៅតាមយុត្តិសាស្រ្តចក្រ្កានៃវិស័យបរិស្ថាន ដាក់ចេញដោយក្រសួងជាដើម ។
ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការចលនាចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ សម្អាតតាមដងផ្លូវ នាពេលកន្លងមក។ យុទ្ធនាការ បានរៀបចំឡើងក្នុងគោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ។ យុទ្ធនាការសម្អាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុកភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកប្រទេសកម្ពុជាកាន់តែច្រើនឡើង» ។
ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងថា ការដាក់ចេញយុទ្ធនការជាជំហានៗរបស់ក្រសួងបរិស្ថាន ដែលឆ្លើយតបនឹងសសរស្តម្ភ«ភាពស្អាត» នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងគោលបំណង ដើម្បីឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា មានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិក រាយប៉ាយ ក្នុងគោលដៅការប្រែក្លាយសកម្មភាព ឬ សកម្មភាពរបស់យុទ្ធនាការ ទៅជាចលនាស្វ័យអនុវត្តន៏ ប្រយុទ្ធទប់ស្កាត់សំរាម នៅលើដងផ្លូវ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបំពុលដោយសំរាម និងសំណល់ប្លាស្ទិកទៅលើសុខភាព និងលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន ព្រមទាំងក្នុងមូលដ្ឋាន ជុំវិញផ្ទះ កន្លែងធ្វើការនិងគ្រឹះស្ថានសាធារណៈនិងឯកជន ជាពិសេសនៅតាមដងផ្លូវនានា ដែលនឹងបន្តក្លាយទៅជាវប្បធម៌ និងទម្លាប់ល្អ របស់ប្រជាជនកម្ពុជាក្នុងការរក្សាភាពស្អាត៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា