ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ៖ ព្រឹត្តិការណ៍បាល់ទាត់ក្រសួងមហាផ្ទៃលើកទី២សំដៅចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់និងបណ្តុះស្មារតីស្រលាញ់កីឡា
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃលើកទី២ បានបើកជាផ្លូវការនាល្ងាចថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស សុខា មានប្រសាសន៍ លើកឡើងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់កីឡាក្រសួងមហាផ្ទៃលើកទី២នេះ បានបង្កើតឡើងសំដៅចូលរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ និងចូលរួមបណ្តុះស្មារតីស្រលាញ់កីឡាដើម្បីសុខភាព រិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការណ៍ល្អរវាងអង្គភាពនានាចំណុះឱ្យក្រសួងមហាផ្ទៃ ។ ហើយព្រឹត្តិការណ៍ប្រកួតលើកទី២នេះ ក៏មានភាពវិសេសវិសាលជាងលើកទី១ ទាំងពេលវេលារៀបចំ និងក្រមសិលធម៌របស់ក្រុមចូលរួមទាំងអស់។
ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានកោតសសើរនិងវាយតម្លៃខ្ពស់និងអគុណដល់ថ្នាក់ដឹកនាំនានាចំណុះឱ្យក្រសួងមហាផ្ទៃទាំងអស់ ដែលបានខិតខំឆ្លៀតពេលដ៏មមាញឹករបស់ខ្លួនបង្កើតជាក្រុមបាល់ទាត់ចូលរួមក្នុងព្រឹត្តិការណ៍លើកទី២នេះ។
ឯកឧត្តម អភិ សង្ឈឹម មោះមុតថា នាឆ្នាំក្រោយទៀតនឹងទទួលបានការចូលរួមកាន់តែច្រើនពីអង្គភាពនានាចំណុះឱ្យក្រសួងមហាផ្ទៃបន្ថែមទៀត ។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមទៀតថា វិស័យកីឡាបានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងការបង្កើតសាមគ្គីភាព និងការលើកកម្ពស់សុខមាលភាពសង្គម ដែលទាំងនេះ គឺជាចលករដ៏មានសារៈសំខាន់ក្នុងការជំរុញនិងអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ។ មិនតែប៉ុណ្ណោះការចូលរួមលេងកីឡាបានបង្កើតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ និងកាន់តែស្និតស្នាលក៏ដូចជារវាងអង្គភាពនានាចំណុះឱ្យក្រសួងមហាផ្ទៃ។ម្យ៉ាងវិញទៀតកីឡាបានចូលរួមកាតើបន្ថយនូវភាពតានតឹងផ្លូវចិត្ត បញ្ជ្រាសនូវការប្រព្រឹត្តិអំពើរឧបាយមុខនិងអំពើរខុសច្បាប់នានានៅក្នុងសង្គមរួមមានជាអាត៖ការប្រើប្រាស់គ្រឿងញាន ល្បែងស៊ីសងខុសច្បាប់ និងអំពើរហឹង្សាក្នុងក្រុមគ្រួសារជាដើម។ផ្ទុយទៅវិញ កីឡាបាននាំមកនូវកាយសម្បទារឹងមាំ សុខភាពល្អទាំងផ្លូវការនិងផ្លូវចិត្ត ដែលប្រជាពលរដ្ឋនៅក្នុងសង្គមចង់បាន។
បច្ចុប្បន្នវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងពិតជាមានការរីកចម្រើនគួឱ្យកត់សម្គាល់ ដោយមានការខិតខំប្រឹងប្រែងលើកស្ទួយពីសំណាក់ប្រមុខរាជរដ្ឋភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តី ក៏ដូចជាក្រសួងសមីមានដូចជាក្រសួងអប់រំយុវជននិងកីឡា ស្ថាប័នពាក់ព័ន្ធនានា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិទាំងអស់ព្រមទាំងសប្បុរសជននានា បានធ្វើឱ្យកីឡាជាតិរបស់យើងរីកចម្រើនខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំទាំងថ្នាក់ជាតិនិងកម្រិតអន្តរជាតិ។
ក្នុងនោះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ថែទាំសុខភាពមន្រ្តីកីឡា កីឡាករកីឡាការិនី ក៏ដូចជាផ្តល់នូវប្រាក់រង្វាន់ជូនកីឡាករកីឡាការិនីជ័យលាភីគួរជាទីទុកចិត្ត ចំពោះគ្រប់ប្រភេទកីឡា។ឆ្លៀតក្នុងឱកាសបើកការប្រកួតនេះ ឯកឧត្តម អភិសន្តិបណ្ឌិត បានផ្តាំផ្ញើរដល់កីឡាករទាំងអស់ដែលបានចូលរួមក្នុងការប្រកួត សូមបញ្ចេញទេពកោសល្យនិងសមត្ថភាពរបស់ខ្លួនក្នុងការប្រកួតដោយឈរលើគោលការណ៍លេងដោយយុត្តិធម៌ ពិសេស ប្រកួតក្នុងស្មារតីសាមគ្គី គោរពវិន័យ និងការអនុវត្តតាមបទបញ្ជាគណៈកម្មការរៀបចំការប្រកួតក៏ដូចជាអាជ្ញាកណ្តាល។
យោងតាមរបាយការណ៍ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេធិកា ទទួលការងារអគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ប្រធានគណៈកម្មការរៀបចំការប្រកួតបានគូសបញ្ជាក់ឱ្យដឹងដែរថា ក្នុងព្រឹត្តិការណ៍ប្រកួតនេះ មានក្លឹបបាល់ទាត់ចូលរួមចំនួន១៣ក្លឹប សរុបកីឡាករគ្រូបង្វឹកមន្រ្តីបច្ចេកទេស និងគ្រូពេទ្យមានចំនួន ៤៨៦នាក់ ដោយការប្រកួតចែកចេញជា៤ពូល ក្នុងនោះពូលA. B .C.មាន៣ក្រុមនិងពូល D មាន៤ក្រុម ដែលសរុបការ២៣ប្រកួត ។ចំពោះកម្មវិធីប្រកួត គឺត្រូវចាប់ផ្តើមពិធីបើក នៅថ្ងៃទី១៦ ខែមករានេះ និងកម្មវិធីបិទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ហើយពិធីបើក និងពិធីបិទ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ៕
ថតដោយ ៖ សែម បូរិន
អត្ថបទ ៖ ជាវ ចន្ធូ