AI ដណ្តើមការងារបុគ្គលិកធនាគារ ២០ម៉ឺននាក់ ៣ឆ្នាំទៀត
បរទេស៖ ការស្ទង់មតិអន្តរជាតិរបស់ Bloomberg Intelligence បានឲ្យដឹងថា បណ្តាធនាគារក្នុងពិភពលោក នៅរយៈពេល៣ឆ្នាំទៀត អាចនឹងកាត់បន្ថយបុគ្គលិក ២០ម៉ឺននាក់ ជំនួសវិញ ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ក្នុងនោះ បុគ្គលិកធនាគារ ជាមធ្យម អាចកាត់បន្ថយ ៣% ជារៀងរាល់ឆ្នាំ។
កាសែត VNexpress បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ដោយសារ AI ក្លាយជាផ្នែកសំខាន់ សម្រាប់កម្លាំងពលកម្ម អាចនឹងមានការកាត់បន្ថយការងារ ២០ម៉ឺននាក់ នៅក្នុងធនាគារពិភពលោក អំឡុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ នេះបើតាម Bloomberg Intelligence។
យោងតាមលោក Tomasz Noetzel អ្នកវិភាគជាន់ខ្ពស់ប្រចាំ នៅ Bloomberg Intelligence និងជាអ្នកនិពន្ធរបាយការណ៍នេះ បានឱ្យដឹងថា តួនាទីនៅក្នុងការិយាល័យកណ្តាល, ផ្នែកជួយពីក្រោយ និង ផ្នែកប្រតិបត្តិការ គឺងាយរងគ្រោះបំផុត ពីបច្ចេកវិទ្យា AI។ ការធ្វើសមាហរណកម្ម AI ត្រូវបានគេរំពឹងថា នឹងជំរុញប្រាក់ចំណេញ កើនឡើងពី ១២ ទៅ ១៧% នៅឆ្នាំ២០២៧ ដែលស្មើនឹងប្រាក់ចំណូលបន្ថែម ចំនួន១៨០ពាន់លានដុល្លារ។
យោងតាមក្រុមហ៊ុន Fortune ធនាគារបានវិនិយោគយ៉ាងច្រើន ក្នុងការធ្វើទំនើបកម្មប្រព័ន្ធ IT ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយ ហើយមនុស្សជាច្រើន ឥឡូវនេះ កំពុងទទួលយកឧបករណ៍ AI ។ ក្រុមហ៊ុនធនាគារ Citi បានរាយការណ៍ កាលពីខែមិថុនាថា ឧស្សាហកម្មធនាគារងាយនឹងផ្លាស់ប្តូរការងារ ដែលជំរុញដោយ AI ជាងការងារក្នុងវិស័យផ្សេងៗទៀត ដោយក្នុងនោះ ៥៤% នៃការងារធនាគារ មានសក្តានុពល លើស្វ័យប្រវត្តិកម្មខ្ពស់៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត