AI បន្លំធ្វើជាតារាល្បី Brad Pitt បោកនារីម្នាក់លង់ស្នេហ៍ ល្បួងយកប្រាក់ ៨៥ម៉ឺនដុល្លារ

បរទេស៖ បច្ចេកវិទ្យា AI ឬ បញ្ញាសិប្បនិម្មិត បានបន្លំខ្លួនធ្វើជាតារាសម្តែងហូលីវូត ល្បីឈ្មោះ Brad Pitt បោកបញ្ឆោត នារីជនជាតិបារាំងម្នាក់ ឲ្យលង់ស្រលាញ់ ហ៊ានលែងលះប្តី ហើយផ្ទេរប្រាក់ ៨៥ម៉ឺនដុល្លារឲ្យទៅ Brad Pitt ក្លែងក្លាយនេះ ទៀតផង។

កាសែត CNA បានចុះផ្សាយថា ស្ត្រីឈ្មោះថា Anne មានអាជីពជាអ្នកតុបតែងក្នុងផ្ទះ ទើបបានទម្លាយរឿងនេះ ប្រាប់កម្មវិធី Seven to Eight លើប៉ុស្តិ៍ TF1 នៅក្នុងសប្តាហ៍នេះ។ នាងរៀបរាប់ថា ដំបូងឡើយ នាងទទួលសារ ពីគណនីហ្វេសបុក, WhatsApp ដែលអះអាងថា ជាតារាសម្តែង ហើយក៏ឆាតរកគ្នា ផ្តើមពីការសរសេរអក្សរ ក្រោយមក ក៏មានជាវីដេអូ ដែលនាងជឿថា ពិតជាលោក Brad Pitt ពិតមែន។ ប៉ុន្តែ ការពិត ឃ្លិបទាំងនោះត្រូវបានបង្កើតឡើងដោយ AI ប្រើប្រាស់កម្មវិធីទាញមុខ។ នាងបានជជែកជាមួយ Brad Pitt ក្លែងក្លាយ អស់ពេលជាង១ឆ្នាំ ក៏លង់ស្រលាញ់ រហូតដល់ ជននោះបានសុំនាងរៀបការ ដូច្នេះ នាងក៏សម្រេចចិត្តលែងលះប្តី។

បន្ទាប់ពីលែងលះរួច Brad Pitt ក្លែងក្លាយ បានអះអាងថា គេមានជំងឺតម្រងនោម ត្រូវការព្យាបាល ដោយផ្ញើរូបថតនិងវីដេអូ ដែលបង្កើតដោយ AI បង្ហាញពីទិដ្ឋភាពសម្រាក នៅមន្ទីរពេទ្យ ហើយអះអាងថា លុយរបស់គេត្រូវបានបង្កក មិនអាចប្រើប្រាស់ ក្រោយពេលលែងលះ ជាមួយអតីតភរិយា នាង Angelina Jolie ដែលជាកំពូលតារាហូលីវូដ ផងដែរ។

ដោយសារតែផុងខ្លួនស្រលាញ់ខ្លាំង នាង Anne ក៏បានផ្ញើប្រាក់ឲ្យ រហូតដល់ពេលមួយ ចាប់ផ្ដើមមានការសង្ស័យ បន្ទាប់ពីបានឃើញរូបភាពពិតរបស់លោក Brad Pitt វ័យ៦១ឆ្នាំ កំពុងនៅជាមួយមិត្តស្រីថ្មី ឈ្មោះ Ines de Ramon តាមប្រព័ន្ធផ្សព្វផ្សាយ។ ក្រោយមក ទើបដឹងថា គណនីដែលនាងបានផ្ទេរប្រាក់ទៅ នោះ គឺនៅក្នុងប្រទេសទួកគី។ យ៉ាងណាមិញ មុនពេលដឹងខ្លួន នាង Anne បានបាត់បង់លុយអស់៨៥ម៉ឺនដុល្លារបាត់ទៅហើយ នាំឲ្យនាងមានបញ្ហាជំងឺធ្លាក់ទឹកចិត្ត ធ្ងន់ធ្ងរ។

យ៉ាងណាមិញ តំណាង ប៉ុស្តិ៍ TF1 កាលពីថ្ងៃអង្គារ បានអះអាងថា វីដេអូអំពីសាច់រឿងរបស់នាង Anne ដែលបានចាក់ផ្សាយរួច បណ្តាលឱ្យមានរលក នៃការយាយីប្រឆាំងនឹងសាក្សី ដូច្នេះ ដើម្បីការពារជនរងគ្រោះ ប៉ុស្តិ៍ TF1 បានសម្រេចចិត្តដក វីដេអូនេះ ចេញពីវេទិកា របស់ខ្លួនវិញ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner