មន្ត្រីCMACពីររូបបានពលីជីវិត ក្នុងពេលចុះប្រប្រតិបត្តិការសម្អាតមីន នៅខេត្តឧត្តរមានជ័យ

(ខេត្តឧត្តរមានជ័យ)៖ បុគ្គលិកបោសសម្អាតមីនពីររូប នៃមជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីនកម្ពុជា បានស្លាប់បាត់បង់ជីវិតក្នុងហេតុការផ្ទុះមីនតោន នៅ​ក្នុងប្រតិបត្តិការបោសសម្អាតមីន នាម៉ោង ៧ និង ៤៥នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនរងគ្រោះទាំងពីរនាក់ ដែលបានបាត់បង់ក្នុងពេលចុះបំពេញភារកិច្ចដោះមីននោះ គឺ ១-ឈ្មោះ អឿន ចាន់ដារ៉ា និង ២-ឈ្មោះ ពៅ នេពីន អ្នកឯកទេសបោសសម្អាតមីន​របស់អង្គភាព (CMAC) ប្រចាំទិសខេត្តឧត្តរមានជ័យ។ មន្ត្រី (CMAC) ទាំងពីរនាក់ បានពលីជីវិតនៅក្នុងឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេល​កំពុង​បំពេញប្រតិបត្តិការបោសសម្អាតមីន រំដោះដីស្រែរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

ក្រោយជួបឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់នេះ អង្គភាព (CMAC) ទាំងមូល បានសម្តែងការសោកស្ដាយជាពន់ពេក និងបានចូលរួមរំលែកមរណទុក្ខ​ដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារសព លោក ពៅ នេពីន និងលោក អឿន ចាន់ដារ៉ា ដែលបានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុផ្ទុះមីនតោន ពេលបំពេញភារកិច្ចរំដោះដីស្រែជូនប្រជាពលរដ្ឋ។

ស្របពេលជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរ​មីន​កម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ​សព​មន្ត្រី (CMAC) ទាំងពីរ និងបានចាត់ទុកការពលីរបស់មន្ត្រីទាំងពីរ គឺជាការ​បាត់បង់វីវជនដោះមីនដ៏អង់អាចក្លាហាន ដែលតែងតែលះបង់ ដើម្បីសុខ​សុវត្ថិភាពរបស់ប្រជាជនមូលដ្ឋាន។

សារលិខិតរំលែកទុក្ខរបស់ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា «ខ្ញុំពិតជាមាន​សេចក្ដី​ក្ដុកក្ដួលរំជួលចិត្ត និងសោកស្ដាយឥតឧបមា ដោយបានទទួលដំណឹង អំពីពលីកម្មរបស់លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន» ក្នុងឧបទ្ទវហេតុដ៏គួរឱ្យសោកស្ដាយនេះ៕

ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner