រដ្ឋបាលខេត្តរតនគិរី រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥
(រតនគិរី)៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារអភិវឌ្ឍន៍ខេត្ត និងកិច្ចសហការគាំទ្រ ដល់រដ្ឋបាលខេត្ត ក្នុងការបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជន រហូតសម្រេចបានលទ្ធផល នានាជាច្រើនគួរជាទីមោទនៈ ដែលបានធ្វើឱ្យខេត្តរតនគិរីមានការរីកចម្រើនជាលំដាប់ ប្រជាពលរដ្ឋ មានការរីករាយបានទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងដោះស្រាយបាននូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានា ស្របតាមគោលនយោ
បាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការថ្លែងកោតសរសើរនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជា
អធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ D សាលាខេត្ត ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
សន្និបាតនេះធ្វឡើងក្នុងគោលបំណង៖
១.ឆ្លុះបញ្ចាំងអំពីលទ្ធផល នៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត ក្នុងនាមតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាល សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
២.ផ្សព្វផ្សាយសមិទ្ធផលនានាដែលរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធសម្រេចបានក្នុងឆ្នាំកន្លងមក ក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
៣.ធានាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានាក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត។
៤.ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលកើតមានឡើងពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលគ្រប់លំដាប់ថ្នាក់។
៥.លើកទិសដៅអនុវត្តការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត ដើម្បីផ្សារភ្ជាប់នឹងកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេសជំរុញផែនការក្នុងការនាំឆ្ពោះទៅសម្រេចបានជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។
សូមបញ្ជាក់ថា សន្និបាតដំណើរការទៅរយៈពេល១ ថ្ងៃកន្លះ ហើយនឹងត្រូវប្រារព្ធបិទព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ ៕
ដោយ ៖ គតិ យុត្ត