អ្នកចូលរួមរត់ជាតិនិងអន្តរជាតិ Angkor Ultra Trail ២០២៥ថា ព្រឹត្តិការណ៍នេះលើកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌កម្ពុជា
(សៀមរាប)៖ ព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ Angkor Ultra Trail ២០២៥ ដែលមាន ៦វិញ្ញាសា រួមមានវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ បានដំណើរការហើយ នាព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៥ នៅប្រាទសាទទីលានព្រះជល់ដំរី ខេត្តសៀមរាប ដោយទាក់ទាញបានអ្នករត់ជាតិនិងអន្តរជាតិជាង១៨០០នាក់។
អ្នកចូលរួមរត់ទាំងកីឡាករជាតិនិងអន្តរជាតិ បានបញ្ជាក់ឱ្យដឹងដែរថា ព្រឹត្តិការណ៍ Angkor Ultra Trail ឬហៅថា ព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ ដែលរៀបចំនៅលើទឹកដីខេត្តសៀមរាបនេះ បានចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ដែលមានភាពអស្ចារ្យអច្ឆរយៈនៅលើលោក។
សម្រាប់ព្រឹត្តិការណ៍នេះ អ្នករត់ទាំងអស់ តម្រូវឱ្យរត់កាត់ព្រៃ កាត់ប្រាសាទ ភូមិដ្ឋានអ្នកស្រុកនិងវាលស្រែ ដែលធ្វើឱ្យអ្នរត់ជាតិនិងអន្តរជាតិ បានមើលឃើញ ពីទេសភាពស្រស់ស្អាតរបស់កម្ពុជា បានបង្កើតនូវការចងចាំ និងអនុវស្សារីយ៍ល្អៗ ដែលទាក់ទាញចិត្តអ្នករត់ជាតិនិងអន្តរជាតិមកចូលរួមម្តងហើយនិងចូលរួមម្តងទៀត ។
គួរឱ្យដឹងដែរថា “Angkor Ultra Trail ២០២៥” លើកទី៨ មានកីឡាករជាតិនិងអន្តរជាតិចូលរួមប្រជាង១៨០០នាក់ មកពី ៥០ប្រទេសលើពិភពលោក ដែលចំនួននេះកើនលើសឆ្នាំ២០២៤ ចំនួន៣០០នាក់ ។ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិនេះ បានរៀបចំឡើងដើម្បីជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយ និងលើកកម្ពស់តំបន់អង្គរបេតិកភណ្ឌពិភពលោក, ពិសេស ជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ និងគម្រោងមនុស្សធម៌៕
រូបភាព អត្ថបទ ៖ ជាវ ចន្ធូ