ទេសរដ្ឋមន្រី ថោង ខុន ជឿជាក់ Angkor Ultra Trail លើកទី៩ ឆ្នាំ២០២៦ នឹងមានអត្តពលិកចូលរួមកាន់តែច្រើនថែមទៀត

អត្ថបទដោយ៖
ជាវ ចន្ធូ

(សៀមរាប)៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងក្នុងពីបិទព្រឹត្តិការណ៍រត់ប្រណាំឆ្លងកាត់ឧបសគ្គ(Angkor Ultra Trail) នាយប់ថ្ងៃទី១៨ថា ព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៩ ឆ្នាំ២០២៦ នឹងមានអត្តពលិកចូលរួមកាន់តែច្រើនថែមទៀត ជាមួយគម្រោងអភិវឌ្ឍធំៗជាច្រើនរបស់រាជរដ្ឋាភិបាល ជាអាទិ៍ការអនុវត្ត “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” ក្នុងទិសដៅជំរុញការអភិវឌ្ឍន៍តំបន់សៀមរាប-អង្គរ និងតំបន់ជុំវិញជាតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមទស្សនាទាន “អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ រៀបចំឡើង ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍចលនាកីឡា ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ ជំរុញទាក់ទាញភ្ញៀវទេសចរ និងគាំទ្រគម្រោងមនុស្សធម៌ ដែលវាជាព្រឹត្តិការណ៍ដ៏កម្រ និងអស្ចារ្យ ដោយអ្នកចូលរួមត្រូវរត់កាត់តាមព្រៃព្រឹក្សា តំបន់ជនបទ ភូមិឋានប្រជាពលរដ្ឋ និងរត់ឆ្លងកាត់តាមប្រាសាទបុរាណជាច្រើននៅតំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោក ។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានរំលឹកដែរថា ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយនេះ បានរៀបចំចំនួន ៨លើកមកហើយ ចាប់តាំងពីឆ្នាំ២០១៦មិ ជាមួយអត្តពលិកចូលរួមត្រឹមតែ ២៣២នាក់ប៉ុណ្ណោះ ក្រោមកិច្ចសហការរួមគ្នារវាង NOCC និងក្រុមហ៊ុន Phoenix Voyages ដែលមានលោក Edouard GEORGE និងលោក Jean Claude Le Cornec ជាសហប្រធាន គណៈកម្មការរៀបចំ និងមានអត្តពលិកចូលរួមកើនឡើងជារៀងរាល់ឆ្នាំ លើកលែងឆ្នាំ២០២១ និងឆ្នាំ២០២២ ដែលខកខានរៀបចំ ដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ ។ទន្ទឹមជាមួយគ្នា លោកក៏បានថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានបន្ដកិច្ចសហការជាមួយ NOCC រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ទាក់ទាញនេះប្រកបដោយជោគជ័យ ក្រោយទទួលបានការគាំទ្រ និងអនុញ្ញាតពីរាជរដ្ឋាភិបាល ហើយលោកក៏បានថ្លែងអំណរគុណ ចំពោះអត្តពលិកជាតិ-អន្ដរជាតិទាំងអស់ ដែលបានបន្ដចូលរួមគាំទ្រ និងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡានេះផងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំ២០២៥នេះ មានអត្តពលិក ចុះឈ្មោះសរុបចំនួន ១,៧២០នាក់ មកពី ៥០ប្រទេស កើនឡើង ១៥% ធៀបនឹងឆ្នាំ២០២៤ ដែលប្រទេសចូលរួមច្រើនជាងគេ គឺមានបារាំង, កម្ពុជា, វៀតណាម, ថៃ និងអាមេរិកជាដើម ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner