ក្រសួងការពារជាតិឈរលេខ១ ការប្រកួតវាយកូនបាល់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ ដោយក្លឹបក្រសួងការពារជាតិឈរនៅចំណាត់ថ្នាក់លេខ១ ក្រោយឈ្នះមេដាយមាស៤វិញ្ញាសា ក្នុងចំណោម ៥វិញ្ញាសា
ដណ្តើមបានមេដាយមាស ៤ និងមេដាយសំរឹទ្ធ ១, ក្រសួងមហាផ្ទៃ ឈរលេខ២ មេដាយមាស ១ មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ១, ខេត្តបាត់ដំបង ឈរលេខ៣ ទទួលបានមេដាយប្រាក់១, ខេត្តសៀមរាប ឈរលេខ៤ មេដាយសំរឹទ្ធ២ ខណៈខេត្តកណ្តាល ឈរនៅលេខ៥ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង ។

លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤នេះមាន ៨ក្លឹបចូលរួម ដោយមានកីឡាករ ៥៥នាក់ និងកីឡាការិនី ៦នាក់។ ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំ២០២៤របស់ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានកីឡាជំនាញ និងមហាជន សហការជាមួយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាលើផ្នែកបច្ចេកទេសបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ រយៈពេល៥ថ្ងៃពីថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០២៥។

ក្រោយដំណើការប្រកួតរយៈពេល៥ថ្ងៃ ការប្រកួតជើងឯកថ្នាក់ជាតិនេះទទួលបានលទ្ធផលល្អប្រសើរ។ លោក ជា ពៅ បានវាយតម្លៃថា តាមរយៈការប្រកួតចជើងឯកថ្នាក់ជាតិនេះ សហព័ន្ធសម្រិតសម្រាំងបានកីឡាករ កីឡាការិនីជ័យលាភី ដែលមានគុណភាពបច្ចេកទេសខ្ពស់ៗប្រកបដោយទេពកោសល្យ និងសមត្ថភាព ព្រមទាំងស្មារតីអង់អាចក្លាហាន ក្នុងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិនានា នាពេលខាងមុខ។

អគ្គលេខាធិការរងរូបនេះបានបន្ថែមថា ការប្រកួតនេះបានប្រព្រឹត្តទៅបាន ដោយទទួលបានកញ្ចប់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ហើយអនុគណៈកម្មការបច្ចេកទេសគ្រប់ផ្នែកបានបំពេញ និងទទួលខុសត្រូវលើភារកិច្ចរៀងៗខ្លួន ក្នុងកិច្ចសហការល្អរវាងគណៈកម្មការបច្ចេកទេស ប្រតិភូ កីឡាករ កីឡាការិនី ហើយបានអនុវត្ត យ៉ាងត្រឹមត្រូវទៅវតាមបទបញ្ជាបច្ចេកទេសការប្រកួត តាមស្តង់ដាជាតិ និងអន្តរជាតិ ៕
ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ



