ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៥ នៅទីក្រុងបាងកក ប្រទេសថៃ
(បាងកក)៖ នៅថ្ងៃទី ១៦-១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN) នៅប្រទេសថៃ ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលរបស់ប្រទេសជាសមាជិកអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមាន សាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបប្រជុំទ្វេភាគី ជាមួយប្រទេសវៀតណាម ប្រទេសជប៉ុន ប្រទេសឡាវ ប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមក្នុងកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៥ (ASEAN Digital Awards 2025) ដែលរៀបចំដោយប្រទេសថៃ ហើយជាមោទកភាពរបស់កម្ពុជានោះ គឺ កម្មវិធីចំនួន ២ របស់កម្ពុជាបានឈ្នះមេដាយ ដោយក្នុងនោះរួមមាន៖
១. កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille) ដែលអភិវឌ្ឍដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃ ក.ប.ទ. ទទួលបានជ័យលាភី មេដាយមាស (លេខ១)
២. កម្មវិធី Tenbox ដែលអភិវឌ្ឍដោយក្រុមហ៊ុន Wave Asia Co., Ltd. ទទួលបានជ័យលាភី មេដាយប្រាក់ (លេខ២)។

កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) គឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិស័យឌីជីថល ឬ ICT នៃតំបន់អាស៊ាន ដែលមានគោលដៅសំខាន់ធ្វើឲ្យអាស៊ានក្លាយជាសហគមន៍ឌីជីថលឈានមុខគេ និងជាប្លុកសេដ្ឋកិច្ច ដំណើរការដោយសេវាកម្មឌីជីថល បច្ចេកវិទ្យា និងប្រព័ន្ធអេកូឡូស៊ី ដែលមានសុវត្ថិភាព និងបរិវត្តកម្ម ស្របតាមផែនការមេឌីជីថលអាស៊ាន៕
ដោយ ៖ ង៉ាន់ ទិត្យ





