ខេត្តព្រះវិហារ ប្រទេសកម្ពុជា និងខេត្តចំប៉ាសាក់ ប្រទេសឡាវ ពិនិត្យលទ្ធភាព​សាងសង់ស្ពានឆ្លងតភា្ជប់ខេត្តទាំងពីរ

ព្រះវិហារ៖ខេត្តព្រះវិហារ ប្រទេសកម្ពុជានៅភាគខាងជើង និងខេត្តចំប៉ាសាក់ ប្រទេសឡាវ មានព្រំដែនរួមស្របគ្នា​ដែល​ខណ្ឌ​ចែក​ដោយទន្លេ។ រាល់ការ​ទំនាក់ទំនងនានាពីមុនរហូតមកដល់បច្ចុប្បន្នប្រព្រឹត្តទៅដោយទូក កាណូត ​។ទំនាក់​ទំនង​ធ្វើដំណើរនិងដឹកជញ្ជូនបែបនេះត្រូវចំណាយពេល ថវិកាច្រើន និងប្រឈមហានិភ័យបង្កដោយធម្មជាតិជាយថា​ហេតុផង​ដែរ។

ដោយការអភិវឌ្ឍនៃប្រទេសទាំងពីរបានឈានដល់ដំណាក់ការថ្មី ការសាង​សង់ស្ពានឆ្លងទន្លេរពៅ នៃខេត្តព្រះវិហារ កម្ពុជា និងស្ពានឆ្លងទន្លេសេឡាំផាវ នៃខេត្តចំប៉ាសាក់ឡាវ ត្រូវបានអាជ្ញាធរនៃប្រទេសទាំងពីរសម្លឹងឃើញដូចៗគ្នា ។ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយនេះ គឺដើម្បីពង្រឹង និងផ្សារភ្ជាប់សេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ បរិស្ថាន ការវិនិយោគ និងជួយបង្កើន​ជីវភាព​​រស់នៅប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋក្នុងតំបន់នៃប្រទេសទាំងពីរ ។

ឈានទៅសម្រេចគោលបំណងប្រកបដោយការអភិវឌ្ឍ អាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរខេត្តចំប៉ាសាក់ កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានបើក​កិច្ចប្រជុំទ្វេភាគីស្តីពីលទ្ធភាពនៃការសាងសង់ស្ពាន ទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់រវាង​ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេ្យប្រជាមានិតឡាវ។ភាគីកម្ពុជា ដឹកនាំដោយ​ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈភាគីឡាវ​ដឹកនាំ​ដោយ លោក អាណាណា ប៊ូឡំ (Ardnana BULOME) អគ្គនាយករងនៃនាយកដ្ឋានផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន ។ កិច្ចប្រជុំបានធ្វើឡើង នៅវេទិការអុំទូក ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់​ស្រឡៅ​មួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយ​មានការចូលរួមពីប្រតិភូអមដំណើរ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៃខេត្តទាំងពីរ ផងដែរ ។

ក្នុងកិច្ចប្រជុំនោះ ភាគីទាំង២ កម្ពុជា-ឡាវ បានរំឭកឡើងវិញនូវអនុសាសន៍ ក្នុងសេចក្តីថ្លែងការណ៍រួម ដែលធ្វើឡើង​ដោយ​ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត សូណេសៃ ស៊ីផាន់ដន(Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ និងការឯកភាពគ្នា រវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំទ្វេភាគី ដែល​ធ្វើឡើងនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅខាងក្រៅ​កិច្ចប្រជុំ រដ្ឋមន្ត្រីដឹក​ជញ្ជូន​អាស៊ានលើកទី៣០ (30th ATM)។

ក្នុងកិច្ចប្រជុំនៅវេទិកាអុំទូដដែល ភាគីទាំងបានផ្តោតលើសារសំខាន់ នៃការ​តភ្ជាប់រវាងប្រទេសទាំងពីរ ហើយបាន ចែក​រំលែកទស្សនៈរួមថា “មានការ​តភ្ជាប់កាន់តែច្រើននឹងជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរ តាមរយៈការ​ជំរុញ​ពាណិជ្ជ​កម្មទ្វេភាគី ទេសចរណ៍ និងការវិនិយោគ ដែលនឹងនាំមកនូវភា​ពជាអ្នកជិតខាងល្អ និងវិបុលភាពដល់ប្រទេសទាំងពីរ ព្រមទាំងប្រជាជន” និងបានទទួលស្គាល់ថា ការសម្រេចបាននូវការតភ្ជាប់​រវាងប្រទេសទាំងពីរ នូវ(ទន្លេរពៅ-សេឡាំផាវ) នឹងកំណត់ប្រវត្តិសាស្ត្រថ្មី សម្រាប់ប្រទេសទាំងពីរ ក្នុងការកសាងទំនាក់ទំនង និងការតភ្ជាប់សង្គម វប្បធម៌ និងប្រជាជន និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលនាំមកនូវការពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ សន្តិសុខ និងការអភិវឌ្ឍ ប្រកប​ដោយចីរភាព និង​បរិយាបន្ន សម្រាប់មនុស្សជំនាន់ក្រោយ។

ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសអ្នករស់នៅខេត្តព្រះវិហារ និងខេត្ត​ចម្ប៉ាសាក់ ត្រូវការជាបន្ទាន់នូវស្ពានទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ជីវភាព សង្គម និងការដោះដូរទំនិញ និងសេវាកម្ម និងតាមរយ:​នៃកិច្ចប្រជុំបានចេញនូវគោលការណ៍រួមថា ទីតាំងស្ពាន និងផ្លូវតភ្ជាប់ គឺគ្រាន់តែក្នុងគោលបំណងតភ្ជាប់ ដើម្បីផល​ប្រយោជន៍​សេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃប្រទេសទាំងពីរ ដូចអនុសាសន៍ ដែលលើកឡើង ដោយរដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន នៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ)៕ ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner