ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ចំពោះសុខទុប្អូនប្រុសពិការដៃទាំង២ សល់ សុខចាន់ ដែលមានទេពកុសល្យគូររូប
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត តែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ បងប្អូនមានពិការភាព ខណៈអាជ្ញាធរ មិនបានធ្វេីទុក្ខបុកម្នេញ ប្អូនប្រុសពិការ ដែលមានទេពកុសល្យគូរូប តាមទីតាំងសាធារណៈ ប្តូរយកកម្រៃ ផ្គត់ផ្គង់ជីវភាព ដូចជាការផ្សាយព័ត៌មានមួយចំនួនឡេីយ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជេីញជួបសំណេះសំណាល់ផ្ទាល់ និងបានចំណាយពេលមេីលប្អូនប្រុស សល់ សុខចាន់ គូគំនូរ នៅវត្តភ្នំ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់ជម្រេីសដល់ប្អូនប្រុស អាចជ្រេីសរេីស ទៅទីតាំងណាមួយ ដែលយល់ថាល្អ និងអាចរកចំណូលបានច្រេីន ដោយគ្រាន់តែជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរក៏បាន និងបានណែនាំ ឱ្យរៀបចំចុះឈ្មោះ សមាជិក ប.ស.ស. ជូន ប្អូនៗទាំងពីរ នាក់ផងដែរ។

ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងនាមសម្ដេចមហាបវរធិបតីជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចបានយកចិត្តទុកដាក់ ជាពិសេសទៅលើជនពិការ ខណៈប្អូនប្រុសមានសមត្ថភាព មានទេពកុសល្យ ក្នុងការគូរូប ធ្វេីជាមុខរបរអាជីវកម្មចិញ្ចឹមជីវិតដោយខ្លួនឯង។

ជាមួយគ្នានេះ ឯកត្តម ឃួង ស្រេង បានឱ្យដឹងថា សម្តេចធិបតី តែងបានណែនាំ និងក្នុងនាមអាជ្ញាធរ ត្រូវមកមេីល និងរៀបចំបង្ករលក្ខណៈងាយស្រួល ដល់ប្អូនប្រុស ដើម្បីឱ្យប្អូនប្រុសអាចប្រកបមុខរបរអាជីវកម្មបាន។

គួរបញ្ជាក់ថា៖ប្អូនប្រុស សល់ សុខចាន់ ពិការដៃទាំង២ដោយប្រេីជេីងជំនួសដៃ បច្ចុប្បន្នមានភរិយាកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួលភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាត។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដល់ជូនថវិកា ចំនួន ៣លានរៀល ដល់ប្អូនប្រុស សល់ សុខចាន់ និងប្អូនស្រី ណារី ខណៈប្អូនស្រី កំពុងតែមានផ្ទៃពោះ ។

ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវ ដល់បងប្អូនសប្បុរសជន ដែល មានសណ្តាណចិត្ត ចង់ជួយឧបត្ថម្ភដល់ប្អូនប្រុស តិចក្តីច្រេីនក្តី សូមចូលរួមគាំទ្រដល់ប្អូន តាមរយៈគាំទ្រដល់ការគូរូប របស់ប្អូនប្រុស ឬអាចផ្តល់ឱកាសការងារជូនគាត់ជាដេីម។

ក្នុងឱកាសនោះដែរបើតាមការបញ្ជាក់ ពីប្អូនប្រុស សល់ សុខចាន់ ដែលពុំមានដៃទាំងសងខាង ថា ខ្លួនមានអាយុ ២៤ឆ្នាំ បានជ្រេីសរេីសអាជីបជាអ្នកគូររូប ផាត់ពណ៌ ដោយប្រេីជេីងជំនួសដោយដៃ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដេីម្បីទទួលបានកម្រៃសម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃ អស់រយៈពេល២ឆ្នាំមកហេីយ ៕
ដោយ ៖ ហេង សម្បត្តិ