ឯកឧត្តម ចាយ បូរិន ៖ យុវជនគណបក្ស ត្រូវបន្តថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្សដ៏រឹងមាំមួយ

(ភ្នំពេញ)៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានផ្នែកឃោសនាអប់រំយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារយុវជនគណបក្ស ផ្នែកឃោសនាអប់រំ ប្រចាំឆ្នាំ២០២៤និងទិសដៅការងារឆ្នាំ២០២៥ នៅព្រឹកថ្ងៃសៅរ៍ទី១៨ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា។

កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកផ្នែកឃោសនាអប់រំនិងក្រុមជំនួយការផ្នែកប្រមាណជាង១០០នាក់។ នៅក្នុងឱកាសនោះក៏មានការប្រកាសសមាសភាពក្រុមការ ងារ Cyber Trooper នៃផ្នែកឃោសនាអប់រំ ដែលទើប សម្រេចតែងតាំងផងដែរ។

ក្រុមការងារ Cyber Trooper បានបង្កើតឡើងក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គម អំពីប្រវត្តិ ស្នាដៃ សកម្មភាព គុណបំណាច់និងសមិទ្ឋផល ព្រមទាំងគោលនយោបាយនិងគោលការណ៍ថ្មីៗ របស់គណបក្សនិងរាជរដ្ឋាភិបាលដើម្បីបញ្រ្ជាបការយល់ដឹង ការជឿជាក់និងការគាំទ្ររបស់ប្រជាជន យុវជន លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សនិងរាជរដ្ឋាភិបាល។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ឋផលការងារយុវជនគណបក្សផ្នែកឃោសនាអប់រំ ប្រចាំឆ្នាំ២០២៤ និង ទិសដៅឆ្នាំ២០២៥ រួចមក ឯកឧត្តមចាយ បូរិន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារ ដោយបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលសម្រេចបាន ។

ឯកឧត្តមប្រធាន បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តនូវរាល់ការចង្អុលបង្ហាញ និងទិសដៅការងាររបស់ផ្នែកឃោសនាអប់រំយុវជនសម្រេចបាននូវលទ្ឋផលជាទីមោទនៈ ។

ឯកឧត្តមចាយ បូរិន បានលើកទឹកចិត្ត ដល់ក្រុមការងារ ឱ្យបន្តថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្សដ៏រឹងមាំមួយ និងជាមូលដ្ឋានក្នុងការសម្រេចសមិទ្ធផលជាបន្តបន្ទាប់របស់គណបក្ស៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner