សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារបន្ថែមទៀត ដល់ស្ត្រីរងគ្រោះថ្នាក់ចរាចរណ៍នៅលេីផ្លូវ ៦០ម៉ែត្រ ស្លាប់ ៣នាក់ ប្តី និង កូន

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខដោយផ្ទាល់នៅមន្ទីរពេទ្យ ដេីម្បីលេីកទឹកចិត្ត និងនាំយកថវិកាចំនួន ២ម៉ឺនដុល្លារអាម៉េរិកទៀត ជូនដល់លោកស្រី នន ចន្ទលក្ខិណា សម្រាប់ជួយសម្រាលការលំបាកដែលត្រូវចំណាយលេីការព្យាបាលរយៈពេលយូរនៅប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលេីកទឹកចិត្តដល់ក្មួយស្រី នន ចន្ទលក្ខិណា សូមមានស្មារតីរឹងប៉ឹង ត្រូវសម្រាក និងបរិភោគអាហារបំប៉នសុខភាពឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យដេីម្បីឆាប់បានជាសះស្បេីយឡេីងវិញ។

លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ និងព្យាបាលដល់ក្មួយស្រីលក្ខិណា ដោយយកចិត្តទុកដាក់ទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។

លោកស្រី ហេង សុខឡេង ម្តាយស្ត្រីរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឱ្យដឹងថា រហូតមកទល់នឹងពេលនេះ កូនរបស់គាត់ មិនទាន់ដឹងទេថា ស្វាមី និងកូនជាទីស្រលាញ់របស់ខ្លួនបានស្លាប់ចោលខ្លួន ដោយមិនបានសូម្បីតែការជូនដំណើរជាចុងក្រោយ នេះជាការឈឺចាប់បំផុត ដែលមិនអាចយកអ្វីមកគណនាបាននោះទេ។

ជាមួយគ្នានេះ លោកស្រី បានថ្លែងអំណរគុណដោយក្តីរំភេីបក្តុកក្តួលចំពោះការសណ្តោសប្រណីជាបន្តបន្ទាប់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបន្ទាប់ពីពេលកេីតហេតុភ្លាមៗ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងចាត់មន្ត្រីនាំយកថវិកាចំនួន ១៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់ចូលបុណ្យសព ៣នាក់ ឪពុកនិងកូន ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចាត់ឱ្យសហការីជួបផ្ទាល់ជាមួយលោក សំ នន ដែលត្រូវជាឪពុករបស់លោកស្រី នន ចន្ទលក្ខណា ដេីម្បីចូលរួមសោកស្តាយ សាកសួរពីស្ថានភាពរងរបួសរបស់ក្មួយស្រីលក្ខិណា និងឧបត្ថម្ភថវិកាចំនួន ១០លានរៀលផងដែរ។ បន្ថែមពីនេះ ក្នុងថ្ងៃនេះទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់មន្ត្រីឱ្យចុះមកសួរសុខទុក្ខដោយផ្ទាល់ និងឧបត្ថម្ភថវិកាបន្ថែមចំនួន ២ម៉ឺនដុល្លារបន្ថែមទៀត ដេីម្បីជួយដល់ការសម្រាកព្យាបាលក្នុងពេលដ៏លំបាកមួយនេះ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner