សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងអញ្ជើញសម្ពោធសមិទ្ធិផលនានា នៅភូមិប៊ុន រ៉ានីសែន ជ័យដំណាក់ទ្រយឹង ខេត្តពោធិ៍សាត់ នាព្រឹកស្អែកនេះ
(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុនី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងភូមិប៊ុន រ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងឹល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។

តាមការបញ្ជាក់ពី ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ បានជម្រាបជូនថា ក្នុងឆ្នាំ២០២០ គ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ទទួលបានដី និងផ្ទះ ក្នុងតំបន់ដីសម្បទានសង្គមកិច្ច ដំណាក់ទ្រយឹង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានរយៈពេលជាង ៣ឆ្នាំកន្លងមកហើយ ដោយពួកគាត់ទាំងនោះ បានខិតខំប្រឹងប្រែងក្នុងការដាំដំណាំយុទ្ធសាស្ត្រដូចជា៖ ដូង ក្រូច ដំឡូងមី ស្រូវ បន្លែបង្ការ និងការចិញ្ចឹមសត្វជាដើម ។

ឯកឧត្តមអភិបាលខេត្តពោធ៌សាត់ បានឱ្យដឹងទៀតថា ចំពោះសមិទ្ធិផលនានា ដែលនិងធ្វើពិធីសម្ពោធនៅថ្ងៃ២០ ខែមករា ឆ្នាំ២០២៥ ក្នុងភូមិប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង រួមមាន៖ អគារមណ្ឌលសុខភាព, អគារសិក្សា, ទីចាត់ការ, អគារស្នាក់នៅ, វត្តអារាម, ផ្លូវលំចំនួន ១៤ខ្សែ ប្រវែងជាង ៦០គីឡូម៉ែត្រ, ប្រព័ន្ធទឹកស្អាត, ប្រព័ន្ធភ្លើងអគ្គិស និងប្រព័ន្ធទូរសព្ទ ព្រមទាំងសមិទ្ធិនានាជាច្រើនទៀត ។

សូមជម្រាបជូនថា ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមស្រុកក្រគរ ។ ភូមិថ្មីនេះ ត្រូវបានកសាង និងបង្កើតឡើងនៅខែមីនា ឆ្នាំ២០២១ ពោល គឺក្នុងអាណត្តិរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយបានផ្ដល់ដីសម្បទានសង្គមកិច្ច ប្រមាណជាង ៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារ បានរស់នៅ និងកសាងជីវភាពថ្មី ៕
ដោយ ៖ វណ្ណលុក







