ឯកឧត្តម ជា ពៅ ៖ ភូមិតានន ជាស្ពានទំនាក់ទំនងប្រជាជនកម្ពុជានិងប្រជាជនចិន

(តាកែវ)៖ ឯកឧត្តម ជា ពៅ បានថ្លែងថា ក្រោមម្លប់សុខសន្តិភាពយ៉ាងពេញបរិបូរណ៍ និងក្រោមទម្រមិត្តដែកថែបរវាងកម្ពុជានិងចិន វេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បានរួមគ្នាជ្រើសរើសយកភូមិតាននជាភូមិគំរូមិត្តភាពកម្ពុជា-ចិនក្នុងការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្ រ។

ឯកឧត្តម ឯកឧត្តម ជា ពៅ អគ្គលេខាធិការរង ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការអគារពហុបំណងភូមិគំរូកាត់បន្ថយភាពក្រីក្រ កម្ពុជា-ចិន បានរៀបចំកម្មវិធីសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន ដោយមានការអញ្ជើញចូលរួមពី អភិបាលរងស្រុកបាទី មេឃុំ-ក្រុមប្រឹក្សាឃុំដូង មន្ត្រីរាជការ កម្មករ-កម្មការិនី សិស្ស ប្រជាជនរស់នៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ និងមិត្តចិន សរុបចំនួន ១០០នាក់ ។

ឯកឧត្តម បន្ថែមថា ការរៀបចំកម្មវិធីសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីចិននាថ្ងៃនេះ ជាសក្ខីភាពនៃចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសយើងទាំងពីរដែលតែងសាទរគ្នាទៅវិញទៅមក រៀនសូត្រពីគ្នា និងចែករំលែកក្តីស្រឡាញ់ជាមួយគ្នា។ តាមរយៈពិធីនាថ្ងៃនេះក៏ជាសញ្ញាណវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញបាននូវតម្រូវការជាមូលដ្ឋានជូនដល់ប្រជាជនកម្ពុជា។

លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានយល់ ស្របជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលថា ភូមិតាននជាស្ពានទំនាក់ទំនងប្រជាជនកម្ពុជានិងប្រជាជនចិន ដោយសារតែទទួលបានការគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលលើការអនុវត្តគម្រោងនៅភូមិតានន ទើបក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកបានជួយរួមចំណែកប្រែក្លាយមុខមាត់របស់ភូមិតាននដោយទទួលបាននូវអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង។ ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំម៉្សាញ់ គឺជាការប្រមូលផ្តុំនូវកម្លាំងសាមគ្គីរវាងសង្គមស៊ីវិល និងប្រជាជននៃប្រទេសយើងទាំងពីរក្នុងការចូលរួមកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

កញ្ញា Yao Shiya នាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិន បានសាទរនឹងសមិទ្ធផលនានាដែលប្រជាជនភូមិតាននសម្រេចបានតាមរយៈភាពរឹងមាំនៃកិច្ចសហការរវាងសង្គមស៊ីវិលប្រទេសយើងទាំងពីរ ហើយកញ្ញាបានវាយតម្លៃខ្ពស់ចំពោះប្រជាជនកម្ពុជាដែលបានយល់ដឹងយ៉ាងច្បាស់លាស់ពីពិធីបុណ្យចូលឆ្នាំចិន។ លើសពីនេះ កញ្ញានឹងប្រើប្រាស់វិទ្យុមិត្តភាពកម្ពុជា-ចិនចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីកសិផលរបស់អ្នកភូមិតាននដល់អតិថិជនគោលដៅ ដើម្បីរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ជីវភាពរស់នៅកាន់តែធូធារដល់អ្នកភូមិតានន។

ក្នុងនាមរដ្ឋបាលស្រុកបាទី និងក្នុងនាមអ្នកភូមិតាននដែលពោរពេញដោយក្តីសប្បាយរីករាយ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានថ្លែងដោយក្តីរីករាយថា កម្លាំងរួមគ្នារវាងសង្គមស៊ីវិលកម្ពុជានិងចិន ដោយមានការជួយផ្សព្វផ្សាយបន្ថែមពិវិទ្យុមិត្តភាពកម្ពុជា-ចិន នឹងនាំមកនូវវិបុលភាពដល់អ្នកភូមិតានន ហើយការរៀបចំកម្មវិធីនាថ្ងៃនេះជាការគូសរំលេចនូវមនោសញ្ចេតនារីករាយរួមគ្នា ហើយលោកក៏បានសាទរដល់ពេលដំណាលគ្នានៃពិធីបុណ្យចូលឆ្នាំចិន និង ក្រម៉ាខ្មែរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការUNESCO កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤កន្លងមក ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner