សម្តេចប្រធានកាកបាទក្រហម ចូលរួមរំលែកមរណទុក្ខគ្រួសារសព និងឧបត្ថម្ភដល់អ្នករងរបួសដោយផ្ទុះមីនតោននៅស្រុកសំពៅលូន
(ខេត្តបាត់ដំបង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោក ថៃ សឿន អាយុ ៤២ឆ្នាំ ដែលស្លាប់ដោយគ្រោះឧបទ្ទវហេតុផ្ទុះមីនតោន ខណៈកំពុងដឹកដំឡូងមីនចេញពីចំការ និងកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តម យូ ឡាណា បានមានប្រសាសន៍ថា ៖ ការមកចូលរួមបុណ្យសពនៅពេលនេះគឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដល់រន្ធត់ និងសោកសង្រេងនេះភ្លាម ហើយស្របជាមួយនិងក្រុមការងារកំពុងបំពេញបេសកម្មនៅខេត្តបាត់ដំបងស្រាប់ផងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបឯកឧត្តមមកចូលរួមផ្ទាល់ ដោយនាំយកថវិកាចំនួន២០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពដែលបានទទួលរងគ្រោះដោយផ្ទុះមីនតោនបណ្តាលឲ្យបាត់បង់ជីវិតគួរឱ្យសោកសង្រេង និងខ្លោចផ្សារជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពលោក ថៃ សឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយនឹងការរំលែកទុក្ខនេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមចូលរួមបុណ្យសពនូវថវិកាចំនួន ២០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ភរិយាសព លោក ថៃ សឿន ក្រៅពីគោរពថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់មន្ត្រីមកចូលរួមរំលែកមរណទុក្ខក្នុងខណៈកំពុងរងទុក្ខដ៏សោកសៅ ព្រមជាមួយថវិកា២០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ក៏បានគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន និងជន្មាយុយឺនយូរ ។
បន្ទាប់មក ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំពៅលូន បានបន្តចុះសួរសុខទុក្ខ និងនាំយកថវិកា១០លានរៀល និងទឹកត្រចៀកកាំមួយកន្ត្រកជូនលោក ផាន់ ភាព អាយុ៣៣ឆ្នាំ ដែលរងរបួសដោយផ្ទុះមីនតោនខណៈជិះលើឡានដឹកដំឡូងមីចេញពីចំការហើយកំពុងសម្រាកព្យាបាលនៅផ្ទះក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា បានបញ្ជាក់ថា ៖ ការមកសួរសុខទុក្ខនៅពេលនេះគឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដល់រន្ធត់ និងសោកសង្រេងពីឧបទ្ទវហេតុផ្ទះមីនតោនបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ម្នាក់និងរបួសម្នាក់នេះភ្លាម និងស្របជាមួយនិងក្រុមការងារកំពុងបំពេញបេសកម្មនៅខេត្តបាត់ដំបងស្រាប់ផងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបឯកឧត្តម ចុះមកជួបដោយនាំយកថវិកាចំនួន១០លានរៀល និងទឹកត្រចៀកកាំមកជូនដោយផ្ទាល់ដៃដល់លំនៅដ្ឋាន ដើម្បីសួរសុខទុក្ខ និងបានដឹងពីស្ថានភាពរបួស និងហេតុការណ៍នៃឧបទ្ទវហេតុផ្ទុះមីនតោនខណៈកំពុងដឹកដំឡូងមីចេញពីចំការផង ព្រមទាំងដើម្បីសម្រាលជីវភាពក្នុងពេលកំពុងព្យាបាលរបួសផងដែរ ។
សូមរំលឹកថា ៖ អ្នកស្លាប់ឈ្មោះ ថៃ សឿន អាយុ៤២ មានប្រពន្ធ និងកូន៤នាក់ និងអ្នករងរបួសឈ្មោះ ផាន់ ភាព អាយុ៣៣ឆ្នាំ មានប្រពន្ធនិងកូន៣នាក់ ត្រូវជាបងថ្លៃប្អូនថ្លៃ និងមានមុខរបរក្រៅពីធ្វើចំការ គឺស៊ីឈ្នួលដឹកដំឡូង បានជួបគ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្ទុះមីនតោនខណៈកំពុងដឹកដំឡូងមីចេញពីវាលចំការនៅខាងលិចផ្ទះដែលចម្ងាយប្រមាណជា១គីឡូ ជិតអូរព្រំដែនជាមួយថៃឬហៅថា៣២ កាលពីថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៥:១៥ នាទីរសៀល ដោយបានបណ្តាលឲ្យឈ្មោះថៃ សឿន ជាបងថ្លៃបានស្លាប់ និងឈ្មោះ ផាន់ ភាព ជាប្អូនថ្លៃបានរងរបួស ៕
ដោយ / គ្រី សម្បត្តិ