គម្រោង”ឆ្នេរតេជោសន្តិភាពកែប” ខេត្តកែប និងការលើកកម្ពស់គុណភាព “ឆ្នេរព្រែកត្រែង” ខេត្តព្រះសីហនុ គឺយកប្រាក់ទៅដាក់ក្នុងហោប៉ៅប្រជាពលរដ្ឋ

ភ្នំពេញ៖គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុម​ការងារថ្នាក់ជាតិ​ចុះមូលដ្ឋានតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កំពត និងកែប បានបន្តកែប្រែ​ស្ថានភាព លើកកម្ពស់​សោភ័ណភាព​ឆ្នេរ២៧០០ម៉ែត្រ ស្ថិតក្នុងខេត្តកែប និងផ្តួចផ្តើមលើកកម្ពស់គុណភាព “ឆ្នេរព្រែកត្រែង” នៃខេត្តព្រះសីហនុ។

លើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥បាន​អធិប្បាយ​ថា គម្រោងលើក​កម្ពស់សោភ័ណភាព ឆ្នេរ២៧០០ម៉ែត្រ ត្រូវបានឱ្យឈ្មោះថា “ឆ្នេរតេជោ​សន្តិភាពកែប” ជា​គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់​កម្សាន្តសាធារណៈ​កម្រិតខ្ពស់ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប។

គម្រោងនេះ នឹងលើកកម្ពស់គុណភាពឆ្នេរ២៧០០ម៉ែត្រ នេះ ឱ្យក្លាយទៅជា​ឆ្នេរខ្សាច់កម្សាន្តតែមួយគត់ ដែលនឹងឆ្លើយ​តបបានទៅនឹងការរំពឹងទុក​របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា។

ដោយឡែក ឆ្នេរព្រែកត្រែង នៃខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នឹងក្លាយជាគោលដៅ​ទេសចរណ៍​​ដ៏ទាក់ទាញ​មួយទៀត​នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រ ដែលនឹងទាក់ទាញ​អ្នកទេសច​រជាតិ-អន្តរជាតិ មកទស្សនា សម្រាកលម្ហែ នៅតំបន់ឆ្នេរ ក៏ដូចជានៅកម្ពុជា។

បន្ទាប់ពីគម្រោងអភិវឌ្ឍនេះបានបញ្ចប់ជាស្ថាពរ ឆ្នេរទាំងពីរនេះ នឹងក្លាយជា​គោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងភ្ញៀវ​ទេសចរក្នុងស្រុក និងអន្តរជាតិ ហើយថែមទាំងបង្កើតឱកាសការងារ និងបង្កើតមុខរបរបន្ថែម​ទៀត​សម្រាប់ប្រជាជននៅ​ក្នុងតំបន់ ដែលនឹងផ្តល់ប្រាក់ចំណូលច្រើនជាង​មុន និងធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

គម្រោងលើកកម្ពស់គុណភាពអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” និង “ឆ្នេរព្រែកត្រែង” ជាគម្រោងនៃ​កិច្ចសហប្រតិបត្តិការរដ្ឋ និងវិស័យឯកជនលើកដំបូងក្នុងការ​អភិវឌ្ឍឆ្នេរកម្សាន្ត​សាធារណៈ។
គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុម​ការងារថ្នាក់​ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប សូមថ្លែងអំណរគុណ​ដល់វិស័យឯកជន ក៏ដូចជាសប្បុរសជន​ទាំងអស់ ដែលបានប្តេជ្ញាចិត្ត​ក្នុងការចូលរួមក្នុងការអភិវឌ្ឍគម្រោងទាំងពីរនេះ សម្រាប់ផលប្រយោជន៍​សាធារណៈ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់សោភណភាពឆ្នេរ៕
ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner