ខេត្តយូណាននឹងបន្តបង្កើតសួនគំរូ មិត្តភាពបច្ចេកទេសលើវិស័យកសិកម្ម
បន្ទាយមានជ័យៈរដ្ឋបាលខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិននឹងបន្តកិច្ចសហប្រតិបត្តិការ បង្កើតសួនគំរូ មិត្តភាពបច្ចេកទេសលើវិស័យកសិកម្ម នៅខេត្តបន្ទាយមានជ័យ។នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចិនក្នុងពិធីសម្ពោធស្ពានបេតុងមួយកន្លែងនៅវត្តបុព្វសិលារាម (ភគ្គិនេសន៍)
ភូមិអន្សមចេក ឃុំសឿស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យកាលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ដោយមើល ឃើញពីសក្ដានុពលខេត្តបន្ទាយមានជ័យ ក្រៅពីវិស័យទេសចរណ៍ និងជាតំបន់សេដ្ឋកិច្ច ខេត្តជាប់ព្រំដែនថៃមួយនេះក៏ជាខេត្តកសិកម្មយ៉ាងសំខាន់របស់ប្រទេសកម្ពុជាផងដែរ ។កន្លងមកក៏ដូចជាពេលនេះ តែងមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្នុងនោះខេត្តយូណាន កំពុងរួមគ្នាអនុវត្តបង្កើតសួនគំរូ មិត្តភាព ស្ដីពីការផ្ដល់ចំណេះដឹងបច្ចេកទេសលើវិស័យកសិកម្ម ដូចជា បច្ចេកទេសបង្កើនផលស្រូវ ពិសេសការដាំដំណាំសិប្បកម្ម និងកសិឧស្សាហកម្មពោលដំណាំកសិផល ដ្បិតយើងខិតខំជំរុញបង្កើនការ ដាំដំណាំកសិផលនេះឲ្យបានច្រើន ដែលជាតម្រូវការបស់ប្រទេសចិនដើម្បីនាំចូលទៅក្នុងប្រទេស ។មួយវិញទៀតចាប់ពីពេលនេះទៅមុខយើងនឹងបង្កើននូវទំនាក់ទំងកិច្ចសហការល្អលើវិស័យសំខាន់ៗជាមួយខេត្តបន្ទាយមានជ័យក៏ដូចជាប្រទេសកម្ពុជាដើម្បីជួយដល់ប្រជាពលរដ្ឋ។សកម្មភាពទាំងអស់នេះបង្ហាញយ៉ាងច្បាស់ពីចំណងមិត្តភាពដ៏ល្អរវាងចិននិងកម្ពុជា ។
ក្នុងពិធីនេះដែរសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភានិងជាព្រះស្ថាបនិកមូលនិធិមុទិតាបានមានព្រះរាជបន្ទូលកត់សម្គាល់អំពីការគាំទ្ររបស់ប្រទេសចិនមជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ ទាំងវិស័យហេដ្ឋរចនាសម្ព័ន្ធរូបវ័ន សង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ សំដៅជួយដល់ជីវភាពប្រជាពលរដ្ឋ ឲ្យបានប្រសើរ ។ម៉្យាងទៀតការជួយកម្ពុជាក៏ដូចជាការជួយពលរដ្ឋបរទេសចិនផងដែរក្នុងការបង្កើនមិត្តដ៏ល្អរបស់ខ្លួន។
លោកគ្រូចៅអធិការវត្តបុព្វសិលារាម (ភគ្គិនេសន៍)នៅភូមិអន្សមចេក បានឳ្យដឹងថា ស្ពានបេតុងដែលដាក់សម្ពោធមានបណ្ដោយ៤០ម៉ែត្រ,ទទឹង៥ម៉ែត្រ។ថវិកាសាងសង់បានមកពីពុទ្ធបរិស័ទ ពិសេសមូលនិធិមុទិតា និងជំនួយពីស្ថានទូតសាធារណរដ្ឋប្រជា មានិតចិនប្រចាំកម្ពុជា ។ស្ពាននេះបាននឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកកសិផល ទំនិញនានា៕
ដោយៈគៀន ច័ន្ទហ៊ីន






