នាយករដ្ឋមន្ត្រីថៃជំរុញឲ្យបង្ក្រាបបទល្មើសឆ្លងដែន ដើម្បីការពារភ្ញៀវទេសចរ
បាងកក ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានស្នើឱ្យនាយកដ្ឋានពាក់ព័ន្ធ បង្កើនការសម្របសម្រួល ដើម្បីដោះស្រាយបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាចាត់វិធានការការពារភ្ញៀវទេសចរ។
ដោយធ្វើជាប្រធានកិច្ចប្រជុំថ្នាក់ខ្ពស់នៅឯវិមានរដ្ឋាភិបាល កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកស្រី ផែថងថាន បានដឹកនាំភ្នាក់ងារពាក់ព័ន្ធ ឱ្យពង្រឹងការផ្សព្វផ្សាយ សម្រាប់អ្នកធ្វើដំណើរដើម្បីបង្កើនទំនុកចិត្ត។
លោកស្រី ផែថងថាន បានគូសបញ្ជាក់ថា លោកស្រីគ្រោងនឹងប្រើប្រាស់សារជាវីដេអូដោយផ្ទាល់ ដើម្បីបញ្ជាក់អំពីសុវត្ថិភាពរបស់ប្រទេសថៃ ហើយបច្ចេកវិទ្យា AI នឹងបកប្រែសារទៅជាភាសាចិន សំដៅផ្តល់ភាពងាយស្រួលកាន់តែទូលំទូលាយ។
ការអត្ថាធិប្បាយបែបនេះរបស់លោកស្រី ផែថងថាន កើតឡើងបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាតុក សឺរី ម៉ូហាម៉េដ បានប្រកាសថា ប្រទេសអាស៊ាននឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងក្រុមបោកប្រាស់តាមអ៊ីនធឺណិតផងដែរ។
ដោយឡែកកាលពីថ្ងៃទី១៦ ខែមករានេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានអំពាវនាវដល់បណ្តាប្រទេសអាស៊ានផងដែរ ឱ្យចាត់វិធានការបង្ក្រាបការ ល្បែងអនឡាញ និងការក្លែងបន្លំផ្នែកទូរគមនាគមន៍ ដោយបញ្ជាក់ថា ក្រុមបោកប្រាស់ក្នុងតំបន់បានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋចិន និងប្រទេសដទៃទៀត៕
ប្រភព ៖ ស៊ីនហួរ និង The Star ប្រែសម្រួល ៖ ឈឹម ទីណា