លោក ត្រាំ សង្គ្រោះ TikTok ឱ្យដំណើរការឡើងវិញនៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន ៖ កម្មវិធី TikTok បាននិយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ខ្លួននឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិកអាចបើកដំណើរការឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការកាលពីល្ងាចថ្ងៃដដែល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ TikTok បានបញ្ជាក់ថា ខ្លួនកំពុងដំណើរការឡើងវិញនៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ សន្យាចុះហត្ថលេខាលើបទបញ្ជាមួយ នៅពេលលោកចូលកាន់អំណាចនៅថ្ងៃចន្ទនេះ។

លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន មានបំណងចង់ឱ្យសហរដ្ឋអាមេរិកកាន់កាប់ TikTok ចំនួន ៥០% ហើយបានសន្យាថា នឹងចេញបទបញ្ជាប្រតិបត្តិពន្យារពេលហាមឃាត់កម្មវិធីវីដេអូកំសាន្តខ្លីៗដ៏ពេញនិយមនេះចំនួន ៩០ថ្ងៃ ដើម្បីទុកពេលធ្វើកិច្ចព្រមព្រៀងដែលធានាសន្តិសុខជាតិ។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា លោកនឹងពន្យាពេលបន្ថែមទៀត មុននឹងច្បាប់ចូលជាធរមាន ដើម្បីស្វែងរកកិច្ចព្រមព្រៀងដែលធានាសន្តិសុខជាតិ ដោយលោកចង់ឱ្យសហរដ្ឋអាមេរិកមានកម្មសិទ្ធិ ៥០ភាគរយនៅក្នុងការបណ្តាក់ទុនរួមគ្នា។

ការប្រកាសបែបនេះរបស់លោក ត្រាំ កើតឡើងប៉ុន្មានម៉ោងបន្ទាប់ពី TikTok ត្រូវបានផ្អាកពី App Store និង Play Store អាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មុនពេលច្បាប់ហាមឃាត់ចូលជាធរមាន ដោយសារការព្រួយបារម្ភ ផ្នែកសន្តិសុខជាតិ ជុំវិញក្រុមហ៊ុនមេរបស់ចិន ByteDance។ បើតាមការចុះផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅសហរដ្ឋអាមេរិកមានអ្នកប្រើប្រាស់ TikTok ប្រមាណជាង ១៧០លាននាក់៕

ប្រភព ៖ NBC News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner