សម្ដេចតេជោ រំលឹកសកម្មភាពចុះជួយសង្រ្គោះស្រូវ ប្រជាជន ដែលជួបគ្រោះរាំងស្ងួតឆ្នាំ១៩៩៤

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញវីដេអូសកម្មភាព ចុះជួយសង្រ្គោះស្រូវប្រជាជន ដែលជួបគ្រោះរាំងស្ងួតឆ្នាំ១៩៩៤ នៅខេត្តតាកែវ និងខេត្តកណ្ដាល ។

សម្ដេចតេជោ បានគូសបញ្ជាក់ថា (ច្រូតស្រូវក្នុងទឹក ប្រសើរជាងគ្មានស្រូវច្រូត) ដែលនេះ ជាទ្រឹស្តី ហ៊ុន សែន ថ្លែងនៅថ្ងៃ២០ វិច្ឆិកា ១៩៩៤ បន្ទាប់ពីអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវរបស់ប្រជាជន នៅឃុំពត់សរ ស្រុកបាទី និងស្រុកខ្លះទៀតនៅខេត្តតាកែវ និងខេត្តកណ្តាល ដែលធ្វើពីថ្ងៃ១៨-១៩ និង ២០ វិច្ឆិកា ១៩៩៤ ។

សម្ដេចតេជោ បានបន្តថា ទូរទស្សន៍ជាតិកម្ពុជា ទើបបានរកឃើញវីដេអូ ដែលខ្ញុំចុះជួយសង្រ្គោះស្រូវប្រជាជន ដែលកំពុងខ្វះទឹកនៅឃុំពត់សរ ស្រុកបាទី និងស្រុកផ្សេងទៀត នៅខេត្តតាកែវ និងកណ្តាល។ ក្នុងចន្លោះ ឆ្នាំ១៩៨៥ ដល់ ១៩៩២ ខ្ញុំបានដឹកនាំចលនាដោះស្រាយទឹក ជូនប្រជាកសិករ ដើម្បីធ្វើកសិកម្មតែជាអកុសល ឆ្នាំ១៩៩៣ មានការផ្លាស់ប្តូររដ្ឋាភិបាល។ ក្រុមចំណូលថ្មី ដែលមកពីបរទេស បាននាំមកទ្រឹស្តី និងការអនុវត្តន៍បែបល្ងិតល្ងង់នូវសេដ្ឋកិច្ចទីផ្សារ ដោយបោះបង់ចោល អន្តរាគមន៍ចំពោះកសិករ ដែលធ្វើឱ្យប្រឡាយមេ និងម៉ាស៊ីនបូមទឹកធុនធំជាច្រើន មិនត្រូវបានប្រើប្រាស់ និងទុកចោល។

សម្ដេចបន្តថា កសិករនៅឃុំពត់សរ ប្រហែល ១០០នាក់ បានទៅប្រមូលផ្តុំនៅមុខផ្ទះខ្ញុំ នៅវិមានឯករាជ្យ ចំថ្ងៃសំពះព្រះខែ ១៨ វិច្ឆិកា ឆ្នាំ១៩៩៤ ដើម្បីស្នើឱ្យខ្ញុំសង្រ្គោះស្រូវរបស់ពួកគាត់ ដែលកំពុងខ្វះទឹក។ ខ្ញុំប្រញ៉ាប់ចុះទៅឃុំពត់សរ ដោយបោះបង់ចោលកម្មវិធីនៅភ្នំពេញ រាប់ទាំងកម្មវិធី ដង្ហែព្រះមហាក្សត្រ ក្នុងពិធីសំពះព្រះខែក្នុងព្រះរាជវាំង និងបិទកម្មវិធីប្រណាំងទូកផងដែរ។ ខ្ញុំចូលរួមសំពះព្រះខែ នៅវត្តព្រៃជា ភូមិព្រៃស្វា
ឃុំពត់សរ និងសម្រាកនៅស្រុកបាទីខេត្តតាកែវចំនួន ២យប់។

សម្ដេចតេជោ បានបញ្ជាក់ថា ឆ្លងកាត់គ្រោះរាំងស្ងួត ឆ្នាំ១៩៩៤ ខ្ញុំបានកត់សម្គាល់ និងកែលើចំណុច ៣ គឺ៖

១.នយោបាយឆ្កួតលីលានៃក្រុមចំណូលថ្មីនៃសេដ្ឋកិច្ចទីផ្សារ ដែលបោះបង់ចោលអន្តរាគមន៍ចំពោះកសិករត្រូវតែបានបញ្ចប់ និងអនុវត្តឡើងវិញ នូវនយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រ ដែលខ្ញុំ ដឹកនាំធ្វើតាំងពីឆ្នាំ១៩៨៥មក ។ ឱកាសបានមកដល់ ពេលគណបក្សប្រជាជនឈ្នះឆ្នោត ខែកក្កដា ១៩៩៨ ខ្ញុំផ្តួចផ្តើមបង្កើតក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជំរុញដោះស្រាយទឹកជូនប្រជាជន ដើម្បីជំរុញវិស័យកសិកម្ម។

២.ត្រូវតែមានការផ្លាស់ពូជ ដោយប្តូរពីស្រូវធ្ងន់ ប្រើពេលយូរ មកស្រូវស្រាល ប្រើរយៈពេលខ្លីវិញ។ ពេលនោះ នៅកន្លែងខុសគ្នា ខ្ញុំតែងនិយាយលេង ទៅកាន់កសិករថា (សូមបញ្ឈប់ការធ្វើស្រូវពូជ នាងពួន មកធ្វើពូជនាងសង្ហាវិញ)។ នាងពួន សំដៅលើស្រូវ ដែលមិនចេញ ព្រោះខ្វះទឹក ឯនាងសង្ហា គឺស្រូវ ដែលចេញ និងទទួលផល។
បញ្ហាពូជ បានចោទជាបញ្ហាកាលពីជាង ៣០ឆ្នាំមុន តែវា ក៏បាននឹងកំពុងចោទជាបញ្ហានៅពេលនេះដែរ។

ពីមុនរកពូជស្រូវស្រាលឆាប់បានផល ព្រោះយើងខ្វះស្បៀង តែពេលនេះ យើងសល់ស្រូវ ៦ ទៅ ៧លានតោន។ ពេលនេះ កសិករផលិត មិនត្រឹមតែសម្រាប់ច្រកឆ្នាំងប៉ុណ្ណោះទេ គឺត្រូវការលក់ ទៅកាន់ទីផ្សារ ដូចនេះ កសិករយើង ត្រូវតែប្រើពូជ ដែលទីផ្សារត្រូវការ ទើបមានផលចំណេញ។ ពូជស្រូវក្នុងស្រុក កំពុងពេញនិយម ទាំងនៅក្នុងប្រទេស និងនៅទីផ្សារក្រៅប្រទេស។

៣.ចំណុចចុងក្រោយ តែក៏សំខាន់ជាយុទ្ធសាស្ត្រ គឺការបង្វែរពីការអភិវឌ្ឍតាមបែបបើកទូលាយ ទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ តាមរយៈការខិតខំដោះស្រាយទឹក បង្កើនរដូវដាំដុះ ការប្រើពូជបច្ចេកទេស ការធ្វើប្រពលវប្បកម្ម បង្កើនទិន្នផល ។ ធ្វើយ៉ាងនេះ យើងនឹងកាត់បន្ថយ នូវការកាប់ព្រៃឈើធ្វើស្រែចំការនៅពេលចំនួនប្រជាជនកើនឡើង។

សម្ដេចតេជោ បន្ថែមថា សរុបមក ពេលស្ថិតនៅស្រុកបាទី ឆ្នាំ១៩៩៤ ធ្វើឱ្យខ្ញុំ ជំនះបន្តនយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រ។ ការផ្លាស់ប្តូរពូជ រហូតប្រើពាក្យច្រូតស្រូវក្នុងទឹក ប្រសើរជាងអត់ស្រូវច្រូត និងយុទ្ធសាស្ត្ររយៈពេលវែងលើវិស័យកសិកម្ម តភ្ជាប់នឹងបរិស្ថានផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner