សម្តេចកិត្តិសង្គបបណ្ឌិត ម៉ែន សំអន ណែនាំក្រុមការងារគណបក្សគ្រប់​លំដាប់​ថ្នាក់ បន្ដរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីរួមចំណែក​ជំរុញល្បឿន នៃការអភិវឌ្ឍ

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូក​សរុបលទ្ធផល នៃការអនុវត្តការងាររបស់ក្រុមការងារគណបក្ស​ចុះមូល​ដ្ឋានខេត្តស្វាយរៀងប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ដែលបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនខេត្តស្វាយរៀង មានសមាសភាពចូលរួម៦៧០នាក់។ 

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការ​ផ្តាំផ្ញើ​សួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ​ថ្នាក់ដឹកនាំគណបក្ស និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់​នៃខេត្ត​ស្វាយរៀង​ដោយក្តីនឹករលឹក។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណ និងការវាយតម្លៃ​ខ្ពស់បំផុតជូនដល់ក្រុមការងារគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ដែលបាន ខិតខំសម្រេចបាននូវជោគជ័យ​ដ៏ធំធេងគួរជាទីមោទនក្រៃលែង ចំពោះសមិទ្ធផលជាច្រើន ដែលបាននិងកំពុងរីកដុះដាលនៅទូទាំងខេត្ត។

សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់ការណែនាំដល់ក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមដៃគ្នា និងប្រមូលកម្លាំង​ឲ្យក្លាយជាកម្លាំងសរុប និងជាអង្គតែមួយ ហើយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងទិសដៅរួមគ្នា ដើម្បីបម្រើប្រជាជន, ដោះស្រាយបញ្ហាជូនប្រជាជន និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខេត្តស្វាយរៀង ពិសេសការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ​របស់ប្រជាជនឲ្យកាន់តែធូរធារ ដើម្បីចូលរួមចំណែកក្នុងការជំរុញល្បឿន​នៃការអភិវឌ្ឍ និងសំដៅដណ្តើមការគាំទ្រពីប្រជាជន និងធ្វើឲ្យខេត្ត​ស្វាយរៀង ក្លាយជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្ស។

សម្តេចកិត្តិសង្គហបណ្ឌិត ផ្តាំផ្ញើដល់មន្រ្តីគណបក្សបន្តធ្វើអំពើល្អ និងត្រូវបន្ត​ខិតខំបម្រើប្រជាជន ជាពិសេសការផ្តល់សេវាសាធារណៈផ្សេងៗ ព្រមទាំង​ត្រូវ​យក​ចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា លើកតម្តើងជីវភាព​របស់ប្រជាជន រួមទាំងការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសការទប់ស្កាត់ និងបង្ក្រាបអំពើឆបោក ព្រមទាំងបញ្ហាទំនាស់ដីធ្លី និងបញ្ហាពាក់ព័ន្ធកសិកម្ម៕

ដោយ​៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner